(បាងកក)៖ ប្រទេសថៃ នៅថ្ងៃសុក្រនេះ បានបើកការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់អ្នកទោសទាំងអស់របស់ខ្លួនហើយ ខណៈប្រទេសនេះ កំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងករណីឆ្លងរីករាលដាលនៃជំងឺ COVID-19 ជាច្រើនករណី នៅតាមពន្ធនាគារ ដែលណែនកកកុញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

អាជ្ញាធរថៃ បាននិងកំពុងព្យាយាមទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រព័ន្ធពន្ធនាគាររបស់ខ្លួន ដែលអ្នកទោសខ្លះ មានកន្លែងតូចចង្អៀតខ្លាំង ដែលតម្រូវឱ្យពួកគេដេកប្រជ្រៀតគ្នាថែមទៀត។ មកទល់ឥឡូវ មានករណីឆ្លងជាង ៣៥,០០០ករណីហើយ ត្រូវបានរាយការណ៍ចេញពីពន្ធនាគារ ខណៈអ្នកទោសទាំងអស់ ត្រូវបានគេលើកទឹកចិត្តឱ្យពាក់ម៉ាស សូម្បីតែពេលពួកគេដេក នាពេលយប់ក៏ដោយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ បានចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងជំហានដំបូងចំនួន ៣០០,០០០ដូស ទៅកាន់បណ្តាពន្ធនាគារនៅក្នុងប្រទេសថៃ ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm៕