(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា ខ្លួននឹងដឹកនាំការធ្វើតេស្តថ្នាំថ្មីចំនួន៣ទៀត សម្រាប់ការព្យាបាលជំងឺ COVID-19 ដែលនឹងមានការចូលរួមពាក់ព័ន្ធពីអ្នកស្រាវជ្រាវរាប់ពាន់នាក់ នៅតាមមន្ទីរពេទ្យច្រើនជាង៦០០កន្លែង ក្នុងប្រទេសចំនួន៥២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ WHO ថ្នាំទាំងបីនោះ រួមមានថ្នាំអាតេសូណេត (artesunate) ដែលជាទូទៅប្រើសម្រាប់ព្យាបាល ជំងឺគ្រុនចាញ់កម្រិតធ្ងន់, ថ្នាំអ៉ីម៉ាទីនីប (imatinib) ដែលប្រើសម្រាប់ប្រឆាំងជំងឺមហារីកមួយចំនួន និងថ្នាំអ៉ីនហ្វ្លីស៉ីម៉ាប (infliximab) ដែលប្រើ សម្រាប់ព្យាបាលជំងឺប្រព័ន្ធភាពស៊ាំខុសប្រក្រតី។

អង្គការ WHO បានបញ្ជាក់ថា ថ្នាំទាំងនេះ ត្រូវបានជ្រើសរើសដោយក្រុមអ្នកជំនាញឯករាជ្យ ដោយសារតែសក្តានុពលរបស់ពួកវា ក្នុងការកាត់បន្ថយហានិភ័យនៃការស្លាប់ សម្រាប់អ្នកជំងឺ COVID-19 ដែលត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យ ហើយថ្នាំទាំងនេះត្រូវបានបរិច្ចាគ សម្រាប់ការធ្វើតេស្ត ដោយក្រុមហ៊ុនផលិតរបស់ពួកវាផ្ទាល់។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រឹងប្រែងកន្លងមក WHO ធ្លាប់បានធ្វើតេស្តលើថ្នាំចំនួន៤ រួមមានថ្នាំរេមដេស៉ីវៀ (remdesivir), ថ្នាំអ៉ីដ្រូស៉ីក្លូរ៉ូគីន (hydroxychloroquine), ថ្នាំឡូពីណាវៀ (lopinavir) និងថ្នាំអ៉ីនធើហ្វើរ៉ុន (interferon) ហើយលទ្ធផលជាបឋមបានបង្ហាញថា ថ្នាំទាំងអស់នោះ ហាក់គ្មានប្រសិទ្ធភាព ឬមានប្រសិទ្ធភាពក្នុងកម្រិតតិចតួចប៉ុណ្ណោះ សម្រាប់អ្នកជំងឺ COVID-19 ដែលទទួលការព្យាបាលនៅមន្ទីរពេទ្យ៕