(កាប៊ុល)៖ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាសរ៉ាហ្វ ហ្កានី (Ashraf Ghani) បានតែងតាំងប្រមុខកងទ័ពថ្មីរបស់ខ្លួន ចំពេលក្រុមសកម្មប្រយុទ្ធតាលីបង់កំពុងបន្ត វាយលុករុលទៅមុខ ដោយដណ្ដើមកាន់កាប់បានទីក្រុងចំនួន ១០ ក្នុងរយៈពេលមិនដល់ ២សប្ដាហ៍ផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។

លោក Ghani បានតែងតាំងលោកឧត្ដមសេនីយ៍ទោ លោក ហៃបាទុលឡោះ អាលីហ្សៃ (Haibatullah Alizai) ដែលជាមេបញ្ជាការកងកម្ម៉ង់ដូរពិសេសឱ្យឡើងកាន់តំណែង ជានាយសេនាធិការកងទ័ពអាហ្វហ្កានីស្ថានជំនួសលោកឧត្តមសេនីយ៍ឯក លោក វ៉ាលី មហាំម៉ាត់ អះម៉ាត់ហ្សៃ (Wali Mohammad Ahmadzai)។ លោក Wali Mohammad ទើបតែត្រូវបានលោក Ghani តែងតាំងជាប្រមុខកងទ័ពអាហ្វហ្កានីស្ថានកាលពីខែមិថុនាកន្លងទៅតែប៉ុណ្ណោះ។

ការផ្លាស់ប្ដូរប្រមុខកងទ័ពអាហ្វហ្កានីស្ថានថ្មីនេះធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ ហើយនៅថ្ងៃព្រហស្បតិ៍នេះដែរ ក្រុមតាលីបង់ត្រូវបានគេរាយការណ៍ថាទើបតែវាយដណ្ដើម បានទីក្រុង Ghazni។ Ghazni ជាទីក្រុងយុទ្ធសាស្ត្រមួយដ៏សំខាន់ដែលតភ្ជាប់ផ្លូវទៅកាន់រដ្ឋធានីកាប៊ុល។ ប្រឈមមុខនឹងការបង្កើនការវាយលុកពីសំណាក់ក្រុមតាលីបង់ លោក Ghani បានធ្វើដំណើរទៅកាន់ទីក្រុង ម៉ាហ្សា-អ៉ី-សារីហ្វ (Mazar-i-Sharif) នៅភាគខាងជើងនៃប្រទេស ជាទីដែលលោកបានជួបពិភាក្សាជាមួយមេដឹកនាំជនជាតិ ដើមភាគតិចអ៊ូសបេគីស្ថាន និងតាហ្ស៊ីគីស្ថាន ពីមធ្យោបាយការពារកុំឱ្យទីក្រុងមួយនេះធ្លាក់ចូលក្នុងដៃក្រុមតាលីបង់។ ដ្បិតបើទីក្រុង Mazar-i-Sharif ដែលមានព្រំប្រទល់ ជាប់ជាមួយអ៊ូសបេគីស្ថាន និងតាហ្ស៊ីគីស្ថានធ្លាក់ចូលទៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ពិតមែន នោះរដ្ឋាភិបាលរបស់លោកនឹងបាត់បង់ការគ្រប់គ្រង តំបន់ភាគខាងជើងទាំងស្រុង។

គួរបញ្ជាក់ថា កងទ័ពអាមេរិកទាំងអស់នឹងត្រូវដកចេញពីអាហ្វហ្កានីស្ថានតាមបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដិន ឱ្យបានមុនថ្ងៃទី៣១ ខែសីហានេះ ស្របពេល ចារកម្មអាមេរិកក៏បានព្រមានដែរថារដ្ឋធានីកាប៊ុលអាចនឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃក្រុមតាលីបង់ក្នុងរយៈពេល៩០ថ្ងៃ។ ប៉ុន្តែ រដ្ឋបាលលោក បៃដិន មិនមានបំណងបកក្រោយ វិញឡើយ ដោយថែមទាំងអះអាងទៀតផងថាការការពារប្រទេសអាហ្វហ្កានីស្ថាន គឺជាកាតព្វកិច្ចរបស់កងទ័ពអាហ្វហ្កានីស្ថានខ្លួនឯង៕