(បាងកក)៖ ក្រសួងសុខាភិបាលថៃ បានប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះថា ប្រទេសថៃ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក Pfizer ចំនួន ៣២.៥លានដូសនៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ លោក អានុធីន ឆានវីរៈគុល (Anutin Charnvirakul) បានគូសបញ្ជាក់ថា ក្រសួងបានបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន ២០លានដូស ដែលជាផ្នែកនៃផែនការទិញវ៉ាក់សាំងរបស់ថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសខ្លួន។ បន្ថែមពីនេះក្រុមហ៊ុន Pfizer ក៏បានស្នើបញ្ជូនវ៉ាក់សាំងចំនួន ១០លានដូសទៀត មកកាន់ប្រទេសថៃ នៅក្នុងឆ្នាំ២០២១នេះផងដែរ។

លោក Anutin Charnvirakul បានគូសបញ្ជាក់បន្ថែមថា «សហរដ្ឋអាមេរិក ក៏បានបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន ២.៥លានដូសដែរ មកកាន់ប្រទេសថៃ ក្នុងនោះ១.៥លានដូស បានមកដល់រួចរាល់ហើយ ដែលនាំឱ្យប្រទេសថៃ នឹងមានវ៉ាក់សាំង Pfizer សរុបរហូតដល់ ៣២.៥លានដូស មុនដាច់ឆ្នាំនេះ»

គួរបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ន ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៨៣៩,៧៧១ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៩៤២នាក់ និងអ្នកជាសះស្បើយឡើងវិញ ៦២៣,៨០១នាក់។ គិតត្រឹមថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបជាង ២១លានដូស ក្នុងនោះប្រជាជន ៤.៥៧លាននាក់ ឬស្មើនឹង ៦.៦% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស៕