(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទសប្ដាហ៍នេះបានអនុម័តលើដំណោះស្រាយមួយ ដោយតម្រូវឱ្យក្រុមតាលីបង់អនុវត្តតាមពាក្យសន្យា របស់ខ្លួន ក្នុងការអនុញ្ញាតឱ្យមនុស្សចាកចេញពីអាហ្វហ្កានីស្ថានដោយសុវត្ថិភាព ប៉ុន្តែមិនបានលើកឡើងពីការបង្កើតតំបន់សុវត្ថិភាព ស្នើឡើងដោយប្រធានាធិបតី បារាំង លោក ម៉ាក្រុងនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

ដំណោះស្រាយខាងលើដែលព្រាងដោយសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, និងបារាំង ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ១៣សំឡេង នៅក្នុងចំណោមប្រទេស ជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង១៥ ហើយមិនមានសំឡេងជំទាស់ឡើយ ខណៈចិន និងរុស្ស៊ីបោះឆ្នោតអនុប្បវាទ។

គួរបញ្ជាក់ថា បើតាមដំណោះស្រាយខាងលើ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរំពឹងថាក្រុមតាលីបង់នឹងអនុញ្ញាត ក៏ដូចជាធានាឱ្យបានជនបរទេស និងជនជាតិអាហ្វហ្កានីស្ថាន អាចបន្តចាកចេញពីអាហ្វហ្កានីស្ថានដោយសុវត្ថិភាព ប្រសិនបើពួកគេជ្រើសរើសចាកចេញ៕