(ម៉ានីល)៖ នៅពេលប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេស្បថចូលកាន់តំណែងជាផ្លូវការកាលពីឆ្នាំ២០១៦, លោកបានសន្យាថានឹងផ្លាស់ប្ដូរគោលនយោបាយ ការបរទេសនៃប្រទេសរបស់លោក «ងាកចេញពី» សហរដ្ឋអាមេរិក ហើយបោះដៃទៅរកចិន និងរុស្ស៊ី។ ជាការអនុវត្តពាក្យសន្យានេះ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ទីក្រុងប៉េកាំងនៅឆ្នាំដដែលនោះដែរ លោក ឌូតើតេបានចាប់ផ្ដើមធ្វើសង្រ្គាមពាក្យសម្ដីជាមួយអាមេរិក ដោយប្រកាសក្ដែងៗថា «វាដល់ពេលហើយដែលត្រូវនិយាយលាគ្នាទៅ កាន់ទីក្រុងវ៉ាស៊ីនតោន» ហើយចាប់ពីពេលនោះមក បុរសខ្លាំងរូបនេះបានធ្វើសកម្មភាពជាបន្តបន្ទាប់ដើម្បីសាងរាត្រីទឹកឃ្មុំជាមួយចិន និងងាកចេញពីសហរដ្ឋអាមេរិក បន្តិចម្ដងៗ។

ប៉ុន្តែ សព្វថ្ងៃ លោក ឌូតើតេ បែរជាកែប្រែចិត្តគំនិតទៅវិញ ដោយបានបិទបញ្ចប់គោលនយោបាយផ្អែមល្ហែមជាមួយចិន និងកំពុងប្រឹងប្រែងសាងទំនាក់ទំនងទឹកឃ្មុំឡើងវិញ ជាមួយអាមេរិក។ ជាក់ស្ដែង កាលពីប៉ុន្មានខែមុននេះ, ទីក្រុងម៉ានីលបានសម្រេចចិត្តស្ដារឡើងវិញទាំងស្រុងនូវទំនាក់ទំនងសន្តិសុខ ក៏ដូចជាកសាងទំនុកចិត្តជាមួយ ទីក្រុងវ៉ាស៊ីនតោនយ៉ាងស្វាហាប់ដើម្បីកំញើញចិនវិញម្ដង។ ការវិវត្តថ្មីនេះរួមមានទាំងការបំពេញទស្សនកិច្ចកម្រិតខ្ពស់, ការស្ដារឡើងវិញកិច្ចព្រមព្រៀងយោធា ហើយ ចុងក្រោយបំផុត គឺការគាំទ្រយ៉ាងពេញទំហឹងរបស់ហ្វីលីពីនចំពោះការបង្កើតសម្ព័ន្ធភាពត្រីភាគី AUKUS រវាងអូស្ត្រាលី, អង់គ្លេស និងសហរដ្ឋអាមេរិក ព្រមទាំងការត្រឡប់ ចូលរួមសាជាថ្មីក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រទ្វេភាគីហ្វីលីពីន-អាមេរិក និងការពង្រីកវិសាលភាពការធ្វើសមយុទ្ធយោធារួមគ្នានៅឆ្នាំ២០២២ខាងមុខ។

*តើអ្វីទៅធ្វើឱ្យលោក ឌូតើតេ កែប្រែចិត្ត?

វាអាចទៅរួចថាលោក ឌូតើតេ ប្រហែលជាមានអារម្មណ៍ថារូបលោកត្រូវបានចិនបដិសេធ ឬអាចនិយាយបានថានយោបាយផ្អែមល្ហែមរបស់លោកជាមួយទីក្រុងប៉េកាំង
មិនទទួលបានលទ្ធផលផ្លែផ្កាតាមដែលលោករំពឹងទុក។ ការងាកទៅរកចិន, គឺលោក ឌូតើតេ ត្រូវបានគេមើលឃើញថាលោកចង់បាននូវកិច្ចព្រមព្រៀងមួយលើការស្រាវជ្រាវ រុករកធនធានធម្មជាតិរួមគ្នានៅក្នុងតំបន់ជម្លោះដែនទឹកនៃសមុទ្រចិនខាងត្បូង ហើយចង់ឱ្យទីក្រុងប៉េកាំងបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ គាំទ្រដល់ផែនការហេដ្ឋារចនាសម្ព័ន្ធរបស់លោក។ ប៉ុន្តែ លោក ឌូតើតេ មិនសម្រេចក្ដីស្រមៃទាំងនេះបានទេ ខណៈអាណត្តិជាប្រធានាធិបតីហ្វីលីពីននឹងត្រូវអស់ សុពលភាព នៅខែមិថុនា ឆ្នាំ២០២២។

លើសពីនេះទៅទៀត, កាន់តែសំខាន់នោះគឺក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, នយោបាយរបស់លោក ឌូតើតេ មិនអាចបញ្ឈប់សកម្មភាពរបស់ចិនបានឡើយ ផ្ទុយទៅវិញ នាវាចម្បាំង និងទូកនេសាទរបស់ចិននៅតែបន្តធ្វើសកម្មភាពខ្លាំងៗឡើងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ កាលពីឆ្នាំ២០១៩ និងនៅដើមឆ្នាំ២០២០, ហ្វីលពីន បានចោទនាវាចម្បាំង និងទូកនេសាទចិនថាបានចូលក្នុងដែនទឹកនៃទីប្រជុំកោះ Thitu ដែលម៉ានីលអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន។ ក្រោយមកទៀត កាលពីខែមករា ឆ្នាំ២០២១នេះ, រដ្ឋាភិបាលចិនបានដាក់ចេញច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យឆ្មាំសមុទ្រចិនបើកការបាញ់ប្រហារលើនាវាបរទេសទាំងឡាយ នៅក្នុងករណីចាំបាច់ ហើយ នៅខែមីនា ឆ្នាំ២០២១នេះដដែល ទីក្រុងម៉ានីលបានចោទប្រកាន់ជាថ្មីថាទូកនេសាទចិនច្រើនជាង ២០០គ្រឿង បានចូលមកក្នុងដែនទឹកនៃទីប្រជុំកោះជម្លោះ Whitsun។

ឧបដ្បិហេតុទាំងនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាប្រិយភាពរបស់លោក ឌូតើតេ ដោយសាធារណៈមតិហ្វលីពីនចាប់ផ្ដើមរិះគន់លើគោលនយោបាយរបស់លោក ចំពោះចិន។

*តើលោក ឌូតើតេ កែប្រែចិត្តតាំងពីពេលណា?

លោក ឌូតើតេ ត្រូវបានគេសង្កេតឃើញថាបានកែប្រែចិត្តដកខ្លួនចេញពីចិន ងាកទៅសហរដ្ឋអាមេរិកជាថ្មីបន្តិចម្ដងៗកាលពីខែមិថុនា ឆ្នាំ២០២០។ លោក ឌូតើតេ ធ្លាប់បាន បង្កភាពភ្ញាក់ផ្អើលដល់ទីក្រុងវ៉ាស៊ីនតោន នៅពេលលោកចេញបញ្ជាឱ្យលុបចោលកិច្ចព្រមព្រៀងទស្សនកិច្ចរវាងកងទ័ពហ្វីលីពីន និងសហរដ្ឋអាមេរិក ហៅកាត់ថា VFA ដែលអនុញ្ញាតឱ្យយោធាអាមេរិកចូល និងធ្វើសកម្មភាពជុំវិញហ្វីលីពីននៅក្នុងករណីមានវិបត្តិណាមួយផ្ទុះឡើង។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្ម ទិដ្ឋាការលើអតីតមេប៉ូលិសហ្វីលីពីនម្នាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ នៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូតើតេ។ តែលោក ឌូតើតេ ស្រាប់តែឈប់ខឹងដោយដកបញ្ជានេះមកវិញ ជាមួយការអះអាងពីភាពចាំបាច់នៃកិច្ចព្រមព្រៀងនេះដើម្បីរក្សាស្ថិរភាពនៅក្នុងតំបន់ ក្នុងបរិបទនៃ ការប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងអាមេរិក និងចិន។ រហូតដល់ខែកក្កដាកន្លងទៅនេះ ពោលគឺកំឡុងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ធ្វើទស្សនកិច្ចមកកាន់ហ្វីលីពីន ទើបកិច្ចព្រមព្រៀង VFA ត្រូវបានស្ដារឡើងវិញទាំងស្រុង។

ចាប់ពីពេលនោះមក, លោក ឌូតើតេ ចាប់ផ្ដើមប្រើពាក្យសម្ដីធ្ងន់ៗទៅលើចិន និងនិយាយកាន់តែបើកចំហពីបញ្ហាតំបន់សមុទ្រចិនខាងត្បូង ក្នុងនោះរួមមានការអនុញ្ញាតឱ្យ ក្រសួងការបរទេសហ្វីលីពីនចេញសេចក្ដីថ្លែងការណ៍អំពាវនាវឱ្យទីក្រុងប៉េកាំងគោរពតាមសេចក្ដីសម្រេច របស់តុលាការ អចិន្រ្តៃយ៍ នៃ អាជ្ញាកណ្តាល មានទីស្នាក់ការក្នុង ទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីឆ្នាំ២០១៦ ដែលបានច្រានចោលការទាមទាររបស់ចិនលើតំបន់ជម្លោះដែនទឹកជាមួយហ្វីលីពីន។ មិនតែប៉ុណ្ណោះ លោកផ្ទាល់ក៏បាន បញ្ជាក់ជំហរផងដែរថារាល់ការប៉ុនប៉ងទាំងឡាយបំផ្លាញដល់សេចក្ដីសម្រេចនេះនឹងត្រូវបានបដិសេធចោល។ កាលពីខែសីហាកន្លងទៅ លោក ឌូតើតេ ថែមទាំងបានអរគុណ អាមេរិកជាសាធារណៈតាមកញ្ចក់ទូរទស្សន៍ទៀតផងសម្រាប់ការផ្ដល់វ៉ាក់សាំងបង្ការ COVID-19 ឱ្យហ្វីលីពីន ដែលលោកថាការបរិច្ចាគនេះជាកត្តាដ៏សំខាន់មួយជំរុញឱ្យលោក ទម្លាក់ចោលការសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀង VFA បើទោះជាហ្វីលីពីនទទួលបានវ៉ាក់សាំងពីចិនដែរក៏ដោយ។

ភស្តុតាងចុងក្រោយបំផុតបង្ហាញថាហ្វីលីពីនងាកទៅរកសហរដ្ឋអាមេរិកវិញ នោះគឺកាលពីចុងខែកញ្ញាកន្លងទៅនេះ ហ្វីលីពីនបានក្លាយជាប្រទេសដំបូងគេ និងតែមួយគត់ក្នុង តំបន់អាស៊ីអាគ្នេយ៍ដែលចេញមុខគាំទ្រទាំងស្រុងសម្ព័ន្ធភាព AUKUS ដែលអ្នកជំនាញភាគច្រើនយល់ថាមានគោលដៅប្រឆាំងនឹងចិន។ នេះបានបង្ហាញយ៉ាងច្បាស់ថាលោក ឌូតើតេ «នឹងមិនគាំទ្រការបង្កើតសម្ព័ន្ធភាព AUKUS ជាដាច់ខាត ប្រសិនបើលោកមិនបានកែប្រែគោលនយោបាយចំពោះចិនដែរទេនោះ»

*តើអាមេរិកចំណេញអ្វីខ្លះ?

នៅក្នុងបរិបទដែលការប្រជែងឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងចិនកាន់តែពុះកញ្ជ្រោលឡើងនៅក្នុងតំបន់អាស៊ី និងខណៈក្រុមមន្ត្រីអាមេរិកជាច្រើនបានព្រមានពីលទ្ធភាព ដែលអាចទៅរួចថាចិននឹងវាយយកកោះតៃវ៉ាន់ ស្របពេលទីក្រុងប៉េកាំងបង្កើនការទាមទាររបស់ខ្លួនលើតំបន់ជម្លោះដែនទឹកនៃសមុទ្រចិនខាងត្បូងផងនោះ, ការកែប្រែចិត្ត ងាកចេញពីចិនរបស់លោក ឌូតើតេ ពិតជាមានប្រយោជន៍យ៉ាងសម្បើម។ ពីព្រោះថារឿងមួយដែលសំខាន់បំផុត នោះគឺសហរដ្ឋអាមេរិកសម្លឹងឃើញការប្រើប្រាស់មូលដ្ឋាន ទ័ពហ្វីលីពីនជារឿងចាំបាច់ក្នុងការទប់ស្កាត់, កំញើញ និងសម្រួលដល់ការចល័តនាវាចម្បាំងអាមេរិកចូលទៅកាន់សមុទ្រចិនខាងត្បូង ឱ្យទាន់ពេលវេលានៅក្នុងករណីជម្លោះ ជាមួយចិនផ្ទុះឡើង។

គួរបញ្ជាក់ថា នៅក្នុងការប្រជែងជាមួយចិន, ហ្វីលីពីនដឹងខ្លួនច្បាស់ណាស់ថាមិនអាចទៅរួចឡើយ បើគ្មានការគាំទ្រ ឬគ្មានសហរដ្ឋអាមេរិកជាខ្នងបង្អែកទេនោះ។ មែនទែនទៅ នយោបាយទឹកឃ្មុំរបស់លោក ឌូតេតេ ជាមួយចិនបានដើរដល់ទីបញ្ចប់ទៅហើយ។ ប៉ុន្តែអ្វីដែលនឹងកើតឡើងក្រោយលោក ឌូតើតេបញ្ចប់អាណត្តិជាប្រធានាធិបតីហ្វីលីពីន នៅខែមិថុនា ឆ្នាំ២០២២ខាងមុខ នៅតែស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ។ ដ្បិតនៅក្នុងចំណោមបេក្ខភាពប្រធានាធិបតីហ្វីលីពីននៅអាណត្តិថ្មីទាំង៧នាក់មានតែ លោកស្រី Leni Robredo ម្នាក់តែប៉ុណ្ណោះដែលមើលទៅមានជំហរតឹងរ៉ឹងចំពោះចិន។ តែទោះជាយ៉ាងក៏ដោយ, ផ្អែកលើការវិវត្តចុងក្រោយនៃទំនាក់ទំនងរវាងហ្វីលីពីន និងអាមេរិក, គេនៅតែរំពឹងថាប្រធានាធិបតីហ្វីលីពីននៅពេលអនាគត ទំនងជានឹងមានទំនោរទៅរកអាមេរិកច្រើនជាងចិន បើទោះជាពួកគេមិននិយាយចេញមកក្រៅ ក៏ដោយ៕

ប្រភព៖ វិទ្យាស្ថាន RAND Corporation (ថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១)