(អូតាវ៉ា)៖ ទីភ្នាក់ងារសុខភាពសាធារណៈកាណាដា (PHAC) នៅថ្ងៃសុក្រសប្ដាហ៍នេះបានឲ្យដឹងថា ករណីឆ្លងជំងឺ COVID-19 ក្នុងចំណោមក្មេងៗជនជាតិកាណាកា ដែលមានអាយុក្រោម ១២ឆ្នាំនាពេលឥឡូវនេះ បានកើនឡើងដល់ជាង ២០ភាគរយនៃករណីឆ្លងថ្មីៗប្រចាំថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្មេងៗជនជាតិកាណាដាដែលមានអាយុក្រោម ១២ឆ្នាំមានប្រហែល ១២ភាគរយនៃចំនួនប្រជាជនសរុបទាំង ៣៨លាននាក់ នៃប្រទេសអាមេរិកខាងជើងមួយនេះ ហើយពួកគេប្រហែល ៤.៣លាននាក់ មិនទាន់បានទទួលការចាក់វ៉ាក់សាំងឡើយ។

ប្រទេសកាណាដា បានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក Pfizer ចំនួន ២.៩លានដូស ត្រៀមសម្រាប់ផ្ដល់ការចាក់ឲ្យក្មេងៗរួចរាល់ហើយ ខណៈនៅតែរង់ចាំការអនុម័ត ពីក្រសួងសុខាភិបាលតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមទិន្នន័យចុងក្រោយពី PHAC បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ច្រើនជាង ៥៨.៩លានដូសត្រូវបានផ្ដល់ការចាក់ជូន នៅទូទាំងប្រទេសកាណាដារួចរាល់ហើយ គិតចាប់តាំងពីយុទ្ធនាការចាក់វ៉ាក់សាំង បានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ។ នេះមានន័យថាជាង ៨៩ភាគរយនៃចំនួនប្រជាជនសរុបដែលមានអាយុ ១២ឆ្នាំឡើងទៅបានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ ខណៈជាង ៨៤ភាគរយទៀត បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយដែរ៕