(ប៉េកាំង)៖ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបួនបានសម្ពោធបើកនៅថ្ងៃទី៥ ខែវិចិ្ឆកា។ ចំណុចលេចធ្លោនៃពិព័រណ៍នាំចូលចិនអន្តរជាតិឆ្នាំនេះ គឺបានដាក់ចេញពិព័រណ៍ ឌីជីថលតាមអនឡាញសម្រាប់ឱ្យបណ្តាប្រទេសនានាចូលរួមពិព័រណ៍ឆ្នាំនេះ ក្នុងន័យធ្វើឱ្យអ្នកផងទាំងពួងមិនបាច់ទៅដល់កន្លែងផ្ទាល់ ក៏អាចស្វែងយល់ពីម្ហូបអាហារឆ្ងាញ់ៗ និងទេសភាពស្រស់ស្អាតនៃប្រទេសនានា ធ្វើឱ្យទស្សនិកជនទទួលអារម្មណ៍ថ្មីក្នុងពេលទស្សនាពិព័រណ៍។

ពិព័រណ៍អំពីប្រទេសនានាបានដាក់តាំងបង្ហាញពីសមិទ្ធផលអភិវឌ្ឍន៍ ឧត្តមភាពខាងឧស្សាហកម្ម វប្បធម៌ ទេសចរណ៍និងសហគ្រាសសំខាន់ៗជាដើមរបស់ប្រទេសដែលបាន ចូលរួមពិព័រណ៍ តាមរយៈរូបភាព វីដេអូនិងគំរូ 3D។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសចំនួន៥៨ និងអង្គការអន្តរជាតិ៣ បានចូលរួមការតាំងបង្ហាញ តាមអនឡាញនេះ។ ប្រទេសដែលបានចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ មកពីទ្វីបទាំង៥នៅលើពិភពលោក ក្នុងនោះ មានប្រទេសរីកលូតលាស់ប្រទេសកំពុង អភិវឌ្ឍន៍ ហើយក៏មានប្រទេសមិនរីកលូតលាស់បំផុតក៏បានចូលរួមផងដែរ។

ប្រទេសកម្ពុជាក៏បានចូលរួមការតាំងបង្ហាញតាមអនឡាញដែរ ទស្សនិកជនអាចចុចវេបសាយពិព័រណ៍ចូលពិព័រណ៍3D អំពីប្រទេសកម្ពុជា ខណៈចូលក្នុងពិព័រណ៍ ក៏បានឃើញ ខ្លាឃ្មុំផានដាចិនឈ្មោះ «jinbao» ដែលជាតុក្កតាសិរីមង្គលរបស់ពិព័រណ៍កំពុងសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ។ ក្រោមការណែនាំរបស់តុក្កតាសិរីមង្គលរូបនេះ អាចឃើញមាន ខ្លឹមសារតាំងបង្ហាញបួនផ្នែក ពោលគឺឧត្តមភាពខាងឧស្សាហកម្ម សមិទ្ធផលអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច សហគ្រាសសំខាន់ៗ និងវប្បធម៌ទេសចរណ៍ បើសិនជាចង់យល់ដឹងឱ្យបាន ច្បាស់ អាចចុចចូលដើម្បីស្វែងយល់ឱ្យបានច្រើនថែមទៀត។

ប្រទេសចិន និងកម្ពុជាជាមិត្តដែកថែបនិងសហគមន៍រួមវាសនាតែមួយ ទំនាក់ទំនងទ្វេភាគីបានរក្សាការរីកចម្រើនកម្រិតខ្ពស់ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទទួលបានសមិទ្ធផលជាផ្លែផ្កា ពាណិជ្ជកម្មនាំចេញនាំចូលក៏បានរក្សានិន្នាការល្អប្រសើរផងដែរ។ ដោយឡែក នៅខែតុលា ឆ្នាំ២០២០ ប្រទេសចិន និងកម្ពុជាបានចុះហត្ថលេខា លើ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា» បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ក្នុងចំណោមទំនិញជាង៣០០ប្រភេទ ក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគី ប្រទេសចិនបានផ្តល់ភាពអនុគ្រោះមិនយកពន្ធចំពោះទំនិញកម្ពុជាចំនួន៩៥ភាគរយ ហើយកម្ពុជាបានផ្តល់ភាពអនុគ្រោះមិនយកពន្ធចំពោះទំនិញចិនចំនួន៩០ភាគរយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន មិនត្រឹមតែបានផ្តល់ផលប្រយោជន៍កាន់តែច្រើន ដល់កិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាកត់សម្គាល់ថា ទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ កិច្ចកសាង សហគមន៍រួមវាសនាតែមួយរវាងចិននិងកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបតិ្តការស្តីពី «ខ្សែក្រវាត់ និងផ្លូវ» បានឈានចូលដំណាក់កាលប្រវត្តិសាស្ត្រថ្មី។

នៅខែឧសភា ឆ្នាំនេះ ស្វាយស្រស់កម្ពុជាត្រូវបានដឹកជញ្ជូនតាមផ្លូវទឹកទៅដល់ប្រទេសចិនជាលើកដំបូង។ ដំណាប់ស្វាយកម្ពុជាចំនួនជិត៨០ភាគរយបាននាំចេញទៅកាន់ ប្រទេសចិន។ ក្នុងរយៈពេល១០ខែដំបូងឆ្នាំនេះ បរិមាណនាំចេញផ្លែចេករបស់កម្ពុជាបានឡើងដល់ចំនួន៣សែន ៦ម៉ឺន៩ពាន់តោន ប្រទេសចិនគឺជាទីផ្សារនាំចេញធំបំផុត។ បន្ទាប់ពីប្រទេសចិនបានពង្រីកការនាំចូលកសិផលកម្ពុជាប្រកបដោយគុណភាពល្អមក ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ បរិមាណនាំចេញកសិផលរបស់កម្ពុជាបានកើនឡើងជិត ៩០ភាគរយប្រើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលមានតម្លៃសរុប ៣៤៩០លានដុល្លារអាមេរិក។

កម្ពុជាជាប្រទេសកសិកម្មប្រពៃណី កសិកម្មជាឧស្សាហកម្មធំទីមួយនៃសេដ្ឋកិច្ចកម្ពុជា។ ស្របពេលដែលកសិផលប្រកបដោយគុណភាពល្អរបស់កម្ពុជានាំចេញទៅកាន់ ប្រទេសចិនជាបន្តបន្ទាប់ កម្ពុជាមិនត្រឹមតែនឹងទទួលបានឳកាសល្អសម្រាប់ការអភិវឌ្ឍកសិកម្មប៉ុណ្ណោះទេ ថែមទាំងអាចជំរុញកម្ពុជាឱ្យកែសម្រួល និងលើកកម្ពស់លំដាប់ថ្នាក់ នៃរចនាសម័្ពន្ធឧស្សាហកម្មផងដែរ។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានថ្លែងថា តាមការប៉ាន់ប្រមាណ ដល់ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិននឹងឡើងដល់ ១ ម៉ឺនលានដុល្លារអាមេរិក ប្រទេសចិនបានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជា កែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។

រីឯពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ ក៏បានផ្តល់ឳកាសដ៏ល្អប្រសើរដល់កម្ពុជាក្នុងការបង្ហាញឧស្សាហកម្មពិសេសផលិតផល មានគុណភាពល្អរបស់ខ្លួនទៅកាន់ប្រទេសចិន ក៏ដូចជាពិភពលោកផងដែរ ក្នុងបរិបទដែលជំងឺកូវីដ១៩ នៅតែរីករាលដាលនៅទូទាំងពិភពលោក និងសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយជាបន្តបន្ទាប់ ការរៀបចំពិព័រណ៍ តាមអនឡាញ អាចស្វែងរកឳកាសពាណិជ្ជកម្ម និងទទួលបានការអភិវឌ្ឍរួម!