(បរទេស)៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងនៅថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះថា ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក គិតចាប់តាំងពីដើមឆ្នាំ ២០២០ រហូតដល់មកទល់នឹងពេលនេះ បានលោតចូលដល់ខ្ទង់ ២៥០នាក់នាក់ហើយ។

ចំនួនខាងលើនេះ គឺបានកើតមានឡើង បន្ទាប់ពីប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត បានជួបប្រទះករណីឆ្លងជំងឺ COVID-19 កើនឡើងវិញយ៉ាងគំហុក ជាពិសេសនៅរុស្ស៊ី អ៊ុយក្រែន និងក្រិក, ដោយសារតែការបន្តឆ្លងរាតត្បាត នៃវីរុសបំប្លែងខ្លួន Delta ចំពោះមុខការបើកឡើងវិញនូវវិស័យពាណិជ្ជកម្ម និងទេសចរណ៍។

យោងតាមទិន្នន័យពីអន្តរជាតិ ដែលត្រូវបានបូកសរុបដោយ Reuters, នៅក្នុងរយៈពេល ៣ខែចុងក្រោយនេះ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងវិញរហូតដល់ ៣៦% ដែលធ្វើឲ្យវានៅតែអាចរក្សាបានករណីឆ្លងជាមធ្យមជាង ៥០លាននាក់ ក្នុងអំលុងពេល ៩០ថ្ងៃ ដោយសារឥទ្ធិពលនៃមេរោគ Delta នាអំលុងឆ្នាំ ២០២១ នេះ។

ផ្ទុយទៅវិញកាលពីមិនទាន់មានវត្តមានវីរុសបំប្លែងខ្លួន Delta, ពិភពលោកបានមើលករណីឆ្លង COVID-19 តែខ្ទង់ ៥០លាននាក់ នៅក្នុងរយៈពេលមិនដល់មួយឆ្នាំនោះឡើយ កាលពីឆ្នាំ២០២០។ កំណើនត្រូវបានមើលឃើញក្នុងកម្រិតខ្ពស់បំផុត នៅក្នុងប្រទេស និងដែនដីចំនួន ៥៥ ក្នុងចំណោមប្រទេស និងដែនដីសរុប ២៤០ នៅលើពិភពលោក។

គួរបញ្ជាក់ថា ជុំវិញតួលេខ និងស្ថានភាពបច្ចុប្បន្នេះ លោកស្រី ម៉ារីយ៉ា វ៉ាន់ កឺខូវ (Maria Van Kerkhove) អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លង របស់អង្គការសុខភាពពិភពលោក (WHO) បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា «ពិភពលោកអាចនឹងគ្រប់គ្រងជំងឺ COVID-19 បានសម្រេចនៅត្រឹមចុងឆ្នាំ២០២២... នៅពេលនោះ យើងនឹងអាចកាត់បន្ថយបានច្រើនបំផុត នូវករណីឆ្លងជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរ និងការស្លាប់»