(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនី ហ្គូទែរែស (Antonio Guterres) បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់កាឌីមី (Mustafa al-Kadhimi) កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្នកនាំពាក្យអគ្គលេខាធិការ UN លោក ស្ទេហ្វាន ឌូចារិច (Stephane Dujarric) បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Antonio Guterres បានអំពាវនាវឱ្យជនល្មើសនៃឧក្រិដ្ឋកម្មនេះទទួលខុសត្រូវ ហើយបានជំរុញឱ្យប្រជាជនអ៉ីរ៉ាក់ធ្វើការអត់ធ្មត់ជាទីបំផុត និងបដិសេធការប្រើអំពើហឹង្សា និងការប៉ុនប៉ងធ្វើឱ្យប្រទេសអ៉ីរ៉ាក់មានអស្ថិរភាព។ លោកក៏ថែមបានជំរុញឱ្យតួអង្គនយោបាយទាំងអស់ រក្សាសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងដោះស្រាយភាពខុសគ្នាតាមរយៈ ការសន្ទនាដោយសន្តិវិធី»។

គួរបញ្ជាក់ថា លោក Mustafa al-Kadhimi បានរួចផុតពីការប៉ុនប៉ងធ្វើឃាត បន្ទាប់ពីដ្រូនបំពាក់គ្រឿងផ្ទុះមួយគ្រឿង បានវាយប្រហារលើគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងតំបន់បៃតង នៃទីក្រុងបាកដាដ កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញនេះ ដោយលោកមិនបានរងគ្រោះថ្នាក់អ្វីទេ ខណៈកងអង្គរក្សរបស់លោកមួយចំនួន បានរងរបួស ហើយគេហដ្ឋានរបស់លោក បានរងការខូចខាតនៅផ្នែកខ្លះ៕