(វែលីងតោន)៖ អាជ្ញាធរនូវែលសេឡង់នៅថ្ងៃអង្គារនេះ បានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងនៅក្បែរបរិវេណសភាជាតិ ខណៈមនុស្សរាប់ពាន់នាក់ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ COVID-19 និងវិធានការបិទខ្ទប់របស់រដ្ឋាភិបាល លោកស្រី Jacinda Ardern។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រុមបាតុករដែលភាគច្រើនមិនបានពាក់ម៉ាស បាននាំគ្នាដើរជាក្បួនដង្ហែរនៅកណ្ដាលរដ្ឋធានីវែលីងតោន (Wellington) និងបានប្រមូលផ្ដុំគ្នានៅក្រៅអគារសភាជាតិ នូវែលសេឡង់។ បាតុកម្មតវ៉ានេះធ្វើឡើងដោយសន្តិវិធី ដោយក្រុមបាតុករបានស្រែកទាមទារឱ្យរដ្ឋាភិបាលលោកស្រី Jacinda Ardern លុបចោលកាតព្វកិច្ចចាក់វ៉ាក់សាំង និងវិធានការរឹតត្បិតនានាប្រឆាំង COVID-19។ «ខ្ញុំនឹងមិនត្រូវបានគំរាមកំហែង ហើយខ្ញុំក៏នឹងមិនត្រូវបានបង្ខំឱ្យចាក់វ៉ាក់សាំងដែលខ្ញុំមិនចង់នោះដែរ។ ខ្ញុំត្រូវការសេរីភាព របស់ខ្ញុំមកវិញ»។ នេះជាសម្ដីរបស់បាតុករម្នាក់ដែលបានចូលរួមក្នុងបាតុកម្មប្រឆាំងនឹងកាត្វកិច្ចចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា នូវែលសេឡង់ នៅតែបន្តស្ថិតនៅក្នុងចំណោមប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងបង្ការ COVID-19 ទាបនៅក្នុងពិភពលោក។ ដូច្នេះហើយទើប លោកស្រី Jacinda Ardern បានសម្រេចចិត្តតម្រូវឱ្យគ្រូបង្រៀន និងបុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងបង្ការជាកាតព្វកិច្ច ហើយសន្យាថានឹងបន្ធូរបន្ថយវិធានការរឹតត្បិត នៅក្រោយ ពេលសម្រេចបានអត្រាចាក់វ៉ាក់សាំង៩០ភាគរយនៃប្រជាជនដែលមានសិទ្ធិទទួលការចាក់វ៉ាក់សាំង ខណៈបច្ចុប្បន្ននូវែលសេឡង់សម្រេចបានអត្រាចាក់វ៉ាក់សាំងគ្រប់ដូស បានត្រឹមតែ ៦៤.៩ភាគរយប៉ុណ្ណោះ៕