(កាប៊ុល)៖ អង្គការសុខភាពពិភពលោក (WHO) និងអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចាប់ផ្តើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយ ជាយុទ្ធនាការទូទាំងប្រទេសលើកដំបូងបង្អស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះក្នុងរយៈពេល ០៣ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Naikwali Shah Momim អ្នកសម្របសម្រួលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង នៃក្រសួងសុខាភិបាល អាហ្វហ្កានីស្ថាន បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាយុទ្ធនាការនេះបានចាប់ផ្តើមនៅក្នុងតំបន់មួយចំនួននៃប្រទេសនៅថ្ងៃចន្ទសប្ដាហ៍នេះ ប៉ុន្តែវា មានឧបសគ្គជាច្រើនជុំវិញការកង្វះបុគ្គលិកដែលត្រូវបានបណ្តុះបណ្តាល។

អង្គការ WHO បាននិយាយថា យុទ្ធនាការដែលមានគោលបំណងចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងជូនដល់កុមារជាង ៣លាននាក់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ត្រូវបានទទួលការគាំទ្រពីក្រុមតាលីបង់ ដែលនឹងអនុញ្ញាតឱ្យបុគ្គលិករបស់យើងអាចផ្ដល់ការចាក់វ៉ាក់សាំងជូនដល់កុមារនៅក្នុងតំបន់ដែលមិនអាចចូលទៅដល់កាលពីមុន។

ដោយឡែក លោក Ahmed Al Mandhari នាយកប្រចាំតំបន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ (Mediterranean) របស់អង្គការ WHO ក៏បានបញ្ជាក់នៅក្នុង សេចក្ដីថ្លែងការណ៍មួយថា «ភាពបន្ទាន់ដែលមេដឹកនាំតាលីបង់ចង់ឱ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដំណើរការបាន គឺបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការថែរក្សាប្រព័ន្ធសុខាភិបាល និងចាប់ផ្តើមការចាក់វ៉ាក់សាំងសំខាន់ៗឡើងវិញ ដើម្បីទប់ស្កាត់ការផ្ទុះឡើងបន្ថែមទៀតនៃជំងឺដែលអាចបង្ការបាន»។

ទោះជាយ៉ាងណា បើតាមលោក Naikwali Shah Momim ការបណ្តុះបណ្តាលបន្ថែមទៀត គឺត្រូវការសម្រាប់បុគ្គលិកនៅក្នុងតំបន់ដាច់ស្រយាល ដូច្នេះយុទ្ធនាការនេះ នឹងចាប់ផ្តើមមុនគេនៅកន្លែងទីប្រជុំជនមួយចំនួន ដូចជាទីក្រុងកាប៊ុល (Kabul) ជាដើម។

គួរបញ្ជាក់ថា អាហ្វហ្កានីស្ថាន និងប៉ាគីស្ថានដែលនៅជិតខាង គឺជាប្រទេសចុងក្រោយបង្អស់នៅក្នុងពិភពលោកដែលមានជំងឺគ្រុនស្វិតដៃជើងជាជំងឺដែលមិនអាចព្យាបាល បាន និងជាជំងឺឆ្លងខ្លាំងតាមរយៈទឹកកខ្វក់ ដែលអាចបណ្តាលឱ្យពិការដល់កុមារតូចៗ។

ជំងឺនេះត្រូវបានលុបបំបាត់ស្ទើរតែទូទាំងពិភពលោកតាមរយៈ ការចាក់វ៉ាក់សាំង។ ប៉ុន្តែបញ្ហាសន្តិសុខ ការដែលមិនអាចចូលទៅដល់ ការផ្លាស់ទីលំនៅដ៏ធំ និងការសង្ស័យនៃការជ្រៀតជ្រែកពីខាងក្រៅ បានរារាំងដល់ការចាក់វ៉ាក់សាំងដ៏ធំនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន និងតំបន់មួយចំនួននៅក្នុងប្រទេសប៉ាគីស្ថាន៕