(តេហេរ៉ង់)៖ ទីក្រុងតេហេរ៉ង់បានអះអាងថា ដ្រូនមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលបានព្យាយាមចូលមកអង្កេតមើល ការធ្វើសមយុទ្ធយោធាអ៊ីរ៉ង់នៅតំបន់ឈូងសមុទ្រ ត្រូវបានបណ្តេញចេញទៅវិញហើយ។ នេះបើតាមប្រភពពីសារព័ត៌មានក្នុងស្រុកអ៊ីរ៉ង់ ដែលត្រូវបាន Reuters ដកស្រង់នៅរសៀលថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

សមយុទ្ធយោធាប្រចាំឆ្នាំរបស់អ៊ីរ៉ង់នៅតំបន់ឈូងសមុទ្រ នឹងត្រូវបិទបញ្ចប់នៅថ្ងៃអង្គារនេះតែម្តង ហើយវាបានកើតមានឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនការរៀបចំកិច្ចចរចាឡើងវិញរវាងទីក្រុងតេហេរ៉ង់ និងមហាអំណាចពិភពលោកនានា ដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រស់ឡើងវិញ។

សារព័ត៌មានក្នុងស្រុកអ៊ីរ៉ង់ IRIB បានរាយការណ៍ថ្ងៃអង្គារនេះថា ដ្រូនរបស់អាមេរិកចំនួនពីរគ្រឿង ដែលមានលេខកូដសម្គាល់ RG-4 និង MG-09 បានផ្លាស់ប្តូរទិសដៅរបស់ពួកវា ចេញពីតំបន់ធ្វើសមយុទ្ធយោធាអ៊ីរ៉ង់នៅច្រកសមុទ្រ ហរមឹស (Strait of Hormuz) ក្រោយពីប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ ចាប់បានសញ្ញានៃការចូលមក និងចេញសញ្ញាព្រមានឲ្យពួកវាត្រលប់ទៅវិញ។

គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកើនឡើងខ្លាំង ចាប់តាំងពីការប្រឈមមុខដាក់គ្នាដ៏ផុយស្រួយ រវាងកងទ័ពអាមេរិក និងកងទ័ពអ៊ីរ៉ង់ ក្នុងតំបន់ឈូងសមុទ្រខាងលើនេះ កាលពីឆ្នាំ២០១៨។ វាជាពេលដែលអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងបានចាប់ផ្តើមដាក់ទណ្ឌកម្ម ធ្ងន់ធ្ងរឡើងវិញលើទីក្រុងតេហេរ៉ង់។ ក្រោយមកទៀតក៏មានការធ្វើឃាត មេទ័ពកំពូលអ៊ីរ៉ង់នៅលើទឹកដីអ៊ីរ៉ាក់ កាលពីដើមឆ្នាំ២០២០ ដែលបានធ្វើឲ្យប្រជាជាតិអ៊ីរ៉ង់ ចងគំនុំចំពោះសហរដ្ឋអាមេរិកកាន់តែខ្លាំង៕