(រ៉ង់ហ្គូន)៖ ប្រភពមួយបានឱ្យដឹងនៅថ្ងៃអង្គារនេះថា តុលាការមីយ៉ាន់ម៉ានឹងប្រកាសសាលក្រមនៅខែក្រោយថា តើមេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ពិតជាបានបំពានច្បាប់ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ក្នុងអំឡុងពេលបោះឆ្នោតកាលពីឆ្នាំ២០២០ កន្លងទៅនេះដែរ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រភពដែលដឹងឮអំពីបញ្ហានេះបានបង្ហើបទៀតថា នៅថ្ងៃអង្គារនេះលោកស្រី Aung San Suu Kyi អាយុ ៧៦ឆ្នាំ បានបង្ហាញខ្លួននៅក្នុង អង្គសវនាការលើកចុងក្រោយបង្អស់ ក្នុងការកាត់ក្តីពីបទចោទប្រកាន់ថា លោកស្រីបានបំពានច្បាប់ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ក្នុងអំឡុងពេលការបោះឆ្នោត ដែលគណបក្សរបស់លោកស្រីបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី កាលពីឆ្នាំ២០២០កន្លងទៅនេះ។

ប្រភពដដែល បាននិយាយបន្ថែមថា លោកស្រី Aung San Suu Kyi នឹងផ្តល់សក្ខីកម្មនៅសប្តាហ៍ក្រោយ ហើយការប្រកាសសាលក្រម ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ហើយលោកស្រីនឹងប្រឈមមុខ ការជាប់ពន្ធនាគាររយៈពេល «៣ឆ្នាំ» សម្រាប់បទល្មើសនេះ ប្រសិនបើតុលាការរកឃើញថា មានកំហុសមែន៕