(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសថ្មីនៃប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការកសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពជាមួយប្រទេសចិន ហើយទន្ទឹមគ្នាលោក បានអំពាវនាវឱ្យប្រទេសជិតខាងដ៏ធំរបស់ខ្លួនមួយនេះ បង្ហាញអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ។

លោក យ៉ូស៉ីម៉ាសា ហាយ៉ាស៉ិ (Yoshimasa Hayashi) នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីការបរទេសជប៉ុន បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពជាមួយប្រទេសចិន។ លោក Hayashi បាននិយាយថា «ទំនាក់ទំនងរវាងជប៉ុន និងចិនកាន់តែមានសារៈសំខាន់ មិនត្រឹមតែសម្រាប់ប្រទេសរបស់យើងទាំង២ ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងសហគមន៍អន្តរជាតិផងដែរ»។

លោក Yoshimasa Hayashi បានបន្ថែមថា «យើងត្រូវការស្នើសុំឱ្យមានអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ ក្នុងពេលជាមួយគ្នានេះ យើងក៏ត្រូវការឱ្យរក្សាការសន្ទនា និងកិច្ចសហការយ៉ាងរឹងមាំលើបញ្ហាប្រឈមរួមគ្នាផងដែរ»។

គួរបញ្ជាក់ថា លោក Yoshimasa Hayashi ត្រូវបាននាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា តែងតាំងជារដ្ឋមន្រ្តីការបរទេសថ្មី កាលពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីលោក គីស៉ីដា បានជាប់ជានាយករដ្ឋមន្រ្តីដដែល ក្រោយគណបក្សលោក ទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល កាលពីចុងខែតុលា កន្លងទៅ៕