(ប៉េកាំង)៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីសមិទ្ធផលសំខាន់ៗ និងបទពិសោធន៍ប្រវត្តិសាស្ត្រក្នុងការខិតខំតស៊ូរយៈពេល ១០០ឆ្នាំ នៃបក្សកុម្មុយនិស្តចិន។

សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ៨ ដល់ ១១ ខែវិច្ឆិកានេះ។ កិច្ចប្រជុំលើកនេះបានស្តាប់ និងពិភាក្សាអំពីរបាយការណ៍ការងាររបស់លោក ស៊ី ជីនភីង ដែលតាំងនាមឱ្យការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ព្រមទាំងបានពិនិត្យពិភាក្សានឹងអនុម័តលើ «សេចក្តីសម្រេចចិត្តរបស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ស្តីពីសមិទ្ធផលសំខាន់ៗ និងបទពិសោធន៍ប្រវត្តិសាស្ត្រក្នុងការខិតខំតស៊ូរយៈពេល ១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន» និង «សេចក្តីសម្រេចចិត្តស្តីពីការបើកធ្វើ សមាជបក្សកុម្មុយនិស្តចិនលើកទី ២០»

អង្គប្រជុំបានសម្រេចចិត្តថា នឹងបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី ២០ នៅក្រុងប៉េកាំងនៅឆមាសទី ២ ឆ្នាំ២០២២ ដោយសម្គាល់ថា សមាជបក្សកុម្មុយនិស្តចិនលើកទី ២០ ជាកិច្ចប្រជុំដែលមានសារៈសំខាន់ក្រៃលែង របស់បក្សកុម្មុយនិស្តចិន ក្នុងខណៈពេលគន្លឹះនៃការកសាងដោយគ្រប់ជ្រុងជ្រោយ នូវប្រទេសសង្គមនិយមទំនើប និងការបោះជំហានទៅកាន់ការសម្រេចគោលដៅសតវត្សទី ២។ បក្សទាំងមូលត្រូវរួមសាមគ្គីគ្នា និងដឹកនាំប្រជាជនគ្រប់ជនជាតិ ខិតខំប្រឹងប្រែងពុះពារឧបសគ្គ ដើម្បីរួមចំណែកសំខាន់ដល់ការកសាង ប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងសម្រេចសុបិនចិនស្តីពីការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ៕