(ប៉េកាំង)៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាថូនី ប្លីងគែន (Antony Blinken) នៅថ្ងៃសៅរ៍នេះតែម្តង តបតាមការស្នើរបស់ភាគីទាំងសងខាង។

លោក Wang Yi បានថ្លែងក្នុងឱកាសនោះថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន តាមរយៈប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃទី១៦ ខែវិច្ឆិកា (សប្តាហ៍ក្រោយ) ដោយកត់សម្គាល់ថា កិច្ចប្រជុំដែលត្រូវបានតាមដានយ៉ាងខ្ជាប់ខ្ជួន ដោយពិភពលោកទាំងមូលនេះ គឺមានសារៈសំខាន់ មិនត្រឹមតែសម្រាប់ចិន-អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ទំនាក់ទំនង ជាលក្ខណៈអន្តរជាតិផងដែរ។

លោក Wang Yi បានសង្កត់ធ្ងន់ថា វាគឺជាក្តីសង្ឃឹមរួមគ្នារបស់ប្រជាជន នៃប្រទេសទាំងពីរ និងសហគមន៍អន្តរជាតិ ដោយចង់ឃើញកិច្ចប្រជុំខាងមុខនេះ ផ្តល់លទ្ធផលជាប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល ហើយការដឹកនាំរបស់ប្រមុខរដ្ឋទាំងពីរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការឆ្ពោះទៅមុខ នៃទំនាក់ទំនងទ្វេភាគី។

ប្រមុខការទូតចិនបានស្នើឲ្យភាគីទាំងពីរ គួរតែធ្វើការក្នុងទិសដៅដូចគ្នា និងត្រៀមរៀបចំឲ្យបានរួចរាល់ ដើម្បីធានាឱ្យកិច្ចប្រជុំរវាងលោក ស៊ី ជិនពីង និងលោក ចូ បៃដិន ប្រព្រឹត្តទៅប្រកបដោយភាពរលូន និងជោគជ័យ ព្រមទាំងដឹងនាំទំនាក់ទំនងទ្វេភាគី ឱ្យវិលមករកការអភិវឌ្ឍលើផ្លូវត្រឹមត្រូវ និងស្ថិរភាព។

ដោយឡែក, លោក Antony Blinken ក៏ថ្លែងតបវិញផងដែរថា ពិភពលោកកំពុងតាមដានយ៉ាងដិតដល់ នូវជំនួបតាមប្រព័ន្ធវីដេអូរវាងមេដឹកនាំអាមេរិក និងចិន។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានត្រៀមលក្ខណៈពេញលេញ និងកំពុងរៀបចំដំណើរការនេះទៅមុខ ហើយភាគីអាមេរិក ទន្ទឹងរង់ចាំចែករំលែកទស្សនៈ ស្តីពីទំនាក់ទំនងទ្វេភាគីជាមួយភាគីចិន ក្នុងអំឡុងកិច្ចប្រជុំ ប្រកបដោយស្មារតីគោរពគ្នាទៅវិញទៅមក និងរួមគ្នាផ្ញើសារដ៏រឹងមាំទៅកាន់ពិភពលោក។

គួរបញ្ជាក់ថា លោក Wang Yi ក៏មិនភ្លេចលើកឡើងពីជំហរយ៉ាងម៉ឺងម៉ាត់របស់ចិន ចំពោះបញ្ហាកោះតៃវ៉ាន់ផងដែរ។ លោក Wang បានថ្លែងបែបនេះថា ទាំងកត្តាប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែង បានបង្ហាញឱ្យឃើញយ៉ាងពេញលេញថា «ឯករាជ្យភាពតៃវ៉ាន់» គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយការបញ្ចុះបញ្ចូល និងការគាំទ្រចំពោះ «កម្លាំងទាមទារឯករាជ្យនៅតៃវ៉ាន់» នឹងបំផ្លាញសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕