(អាមេរិក)៖ មួយថ្ងៃក្រោយពីបានជួបពិភាក្សា តាមប្រព័ន្ធវីដេអូជាលើកដំបូង ជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង, ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញមុខគូសបញ្ជាក់ជាថ្មី អំពីគោលជំហររបស់ប្រទេសលោក ចំពោះកោះតៃវ៉ាន់ ដែលប្រការនេះកំពុងធ្វើឲ្យគ្រប់គ្នាមានមន្ទិលឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើទំនាក់ទំនងមិនផ្លូវការ តែជិតស្និទ្ធជាមួយកោះតៃវ៉ាន់ បានវិវឌ្ឍដល់ណាហើយ? លោក ចូ បៃដិន បានឆ្លើយតបវិញថា លោកបានគូសបញ្ជាក់យ៉ាងច្បាស់លាស់រួចមកហើយ អំពីការគាំទ្ររបស់លោក ចំពោះច្បាប់អាមេរិកដែលមានស្រាប់បច្ចុប្បន្ន។ នៅក្នុងច្បាប់ស្តីពីតៃវ៉ាន់ (Taiwan Act) សហរដ្ឋអាមេរិកមិនទទួលស្គាល់ ឯករាជ្យភាពតៃវ៉ាន់ឡើយ ប៉ុន្តែអាមេរិកប្តេជ្ញាជួយកោះតៃវ៉ាន់ ឲ្យមានសមត្ថភាពការពារខ្លួនឯង។

កំលុងការចេញដំណើរទៅកាន់រដ្ឋ ញូ ហេមសឺ (New Hampshire) នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ចូ បៃដិន បានព្រលយពាក្យមួយឃ្លាថា «ពួកគេមានឯករាជ្យភាព... ពួកគេអាចសម្រេចចិត្តដោយខ្លួនឯងបាន»។ ក្រុមអ្នកសារព័ត៌មាន បានជជីកសួរមន្ត្រីសេតវិមាន ដើម្បីឲ្យបកស្រាយអំពីការលើកឡើងរបស់លោក ចូ បៃដិន មួយឃ្លានេះ ថាតើចង់សម្តៅលើអ្វីឲ្យប្រាកដ ប៉ុន្តែពុំមានការឆ្លើយតបវិញនោះឡើយ។

យ៉ាងណាក៏ដោយ, បន្ទាប់មកទៀតលោក ចូ បៃដិន បានបកស្រាយថា អ្វីដែលលោកបាននិយាយ គឺចង់សំដៅទៅលើគោលជំហររបស់អាមេរិក ដែលមិនមានការផ្លាស់ប្តូរគោលនយោបាយណាមួយ ចំពោះកោះតៃវ៉ាន់នោះឡើយ។ លោក បៃដិន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងមិនមែនកំពុងផ្លាស់ប្តូរ គោលនយោបាយរបស់យើងទេ។ យើងក៏មិនមែនកំពុងលើកទឹកចិត្ត ចំពោះឯករាជ្យភាព (តៃវ៉ាន់) នោះដែរ។ យើងពេលនេះកំពុងតែលើកទឹកចិត្តពួកគេ ឲ្យធ្វើអ្វីៗតែទៅតាមច្បាប់ Taiwan Act បានចែងប៉ុណ្ណោះ។ នេះហើយជាអ្វីដែលយើងកំពុងធ្វើ... ទុកឲ្យពួកគេជាអ្នកសម្រេចចិត្ត»

គួរបញ្ជាក់ថា កំលុងជំនួបតាមប្រព័ន្ធវីដេអូអស់ប្រមាណជាង ៣ម៉ោង កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ (ម៉ោងនៅទីក្រុងប៉េកាំង) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ ក្នុងនោះប្រធានបទក្តៅគគុកជាងគេបំផុត ត្រូវបានគេមើលឃើញថា ជាបញ្ហាពាក់ព័ន្ធកោះតៃវ៉ាន់។

ក្រោយជំនួបខាងលើ សេតវិមានទីក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីថ្លែងការណ៍ យ៉ាងដូច្នេះថា «លោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងនូវក្តីបារម្ភ អំពីបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៉ីនជាំង, តំបន់ទីបេ, និងទីក្រុងហុងកុង ហើយលោកថែមទាំងបានប្រាប់លោក ស៉ី ជិនពីង ថា សហរដ្ឋអាមេរិកនៅតែគោរព គោលនយោបាយចិនតែមួយ ទាក់ទងនឹងតៃវ៉ាន់»។

ងាកទៅកាន់សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន, ពាក់ព័ន្ធនឹងលទ្ធផលនៃជំនួបដដែល លោក ស៉ី ជិនពីង បានបញ្ជាក់ប្រាប់ លោក ចូ បៃដិន វិញថា ប្រទេសចិននឹងចាំបាច់ត្រូវចាត់វិធានការដ៏ម៉ឺងម៉ាត់ ប្រសិនបើចលនាទាមទារឯករាជ្យរបស់តៃវ៉ាន់ ហ៊ានឈានជើងផ្លោះរំលងខ្សែបន្ទាត់ក្រហម។ លោក ស៉ី បានសង្កត់ធ្ងន់ប្រាប់លោក បៃដិន ថា «ការគាំទ្ររបស់អាមេរិក ចំពោះចលនាឯករាជ្យតៃវ៉ាន់ នឹងប្រៀបដូចជាការប្រលែងលេងជាមួយភ្លើងយ៉ាងដូច្នោះ»