(វ៉ាស៉ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវសស៉ី (Anthony Fauci) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា វាអាចទៅរួចដែលជំងឺ COVID-19 នឹងក្លាយទៅជាជំងឺធម្មតាទូទៅនៅឆ្នាំក្រោយ ប្រសិនបើប្រទេសនេះបង្កើន អត្រាការចាក់វ៉ាក់សាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Anthony Fauci បានកត់សម្គាល់នៅក្នុងបទសម្ភាសន៍មួយថា ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬដូសជំរុញ គឺមានសារៈសំខាន់ណាស់ សម្រាប់ការឈានដល់ចំណុចនោះ។ អ្នកជំនាញរូបនេះជឿថាជំងឺ COVID-19 មិនអាចលុបបំបាត់បានទេ ហើយទំនងជានឹងក្លាយទៅជាជំងឺធម្មតាទូទៅ ដែលមានន័យថា វានឹងមានវត្តមានជាមួយយើងគ្រប់ពេល គ្រប់ទីកន្លែង ដូចជាជំងឺផ្តាសាយ ឬជំងឺអុតស្វាយជាដើម។

លោក Anthony Fauci បានបន្ថែមថា «សម្រាប់ខ្ញុំ ប្រសិនបើអ្នកចង់ឱ្យជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ក្លាយទៅជាជំងឺធម្មតាទូទៅ អ្នកត្រូវតែធ្វើឱ្យវា មានកម្រិតនៃការឆ្លងទាបបំផុត ដែលវានឹងមិនមានផលប៉ះពាល់ដល់សង្គមរបស់អ្នក ជីវិតរបស់អ្នក និងសេដ្ឋកិច្ចរបស់អ្នកឡើយ។ មនុស្សនឹងនៅតែ ឆ្លងជំងឺនេះ។ មនុស្សនឹងប្រហែលនៅតែត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែកម្រិតនៃការឆ្លង និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ នឹងទាបបំផុត ដែលពួកយើងមិនត្រូវការគិតពីវាគ្រប់ពេលឡើយ ហើយវានឹងមិនមានឥទ្ធិពលលើអ្វីដែលយើងធ្វើនោះទេ»

បើតាមលោក Anthony Fauci ដើម្បីទៅដល់ចំណុចនោះ នឹងត្រូវការមនុស្សកាន់តែច្រើន មកទទួលការចាក់វ៉ាក់សាំង ជាពិសេសគឺការចាក់វ៉ាក់សាំង ដូសជំរុញ បន្ទាប់ពីការចាក់ដូសទី១ និងទី២រួចរាល់ ដើម្បីទទួលបានប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងប្រឆាំងនឹងជំងឺនេះ។ ប្រសិនបើសហរដ្ឋអាមេរិក បង្កើតកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញ សម្រាប់មនុស្សគ្រប់គ្នា វាអាចទៅរួចដែលប្រទេសនេះអាចគ្រប់គ្រងជំងឺនេះបាននៅនិទាឃរដូវ ឆ្នាំ២០២២ខាងមុខនេះ។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំងដូសជំរុញ អាចរកបាននៅពេលដែលអ្នកបានទទួលការចាក់វ៉ាក់សាំងដូសទី២ យ៉ាងហោចណាស់ រយៈពេល ០៦ខែរួចរាល់ សម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ, អ្នកដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ និងអ្នកផ្សេងទៀតដែលមាន ហានិភ័យខ្ពស់នៃការឆ្លងជំងឺនេះតាមរយៈការងារ ឬស្ថានភាពរស់នៅរបស់ពួកគេ៕