(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅម៉ូស្គូ) បានចេញមុខទទួលស្គាល់ ការធ្វើតេស្តមីស៊ីលបាញ់កម្ទេចផ្កាយរណបមួយគ្រឿង ក្នុងចំំណោមផ្កាយរណបផ្សេងៗទៀតរបស់ខ្លួន ដែលកំពុងគោចរជុំវិញភពផែនដី ខណៈទង្វើបែបនេះ បានទទួលការថ្កោលទោសកម្រិតធ្ងន់ ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សហភាពអឺរ៉ុប និងអង្គការ NASA។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រកាសថ្កោលទោសរុស្ស៊ី និងចាត់ទុកថា ការធ្វើតេស្តគ្រាប់មីស៊ីលកម្ទេចផ្កាយរណប គឺជាទង្វើដែល «គ្រោះថ្នាក់ និងគ្មានភាពទទួលខុសត្រូវ» ខណៈអង្គការ NASA វិញ បានបង្ហាញនូវការខឹងសម្បារផងដែរ ព្រោះអវកាសយានិកអន្តរជាតិទាំងអស់ ដែលស្ថិតនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) ត្រូវបានប្រកាសអាសន្ន និងបង្គាប់ស្នាក់នៅក្នុងជម្រកសុវត្ថិភាព ដើម្បីគេចចេញពីកម្ទេចផ្កាយរណបរុស្ស៊ី ដែលត្រូវបានគេអះអាងថា មានរហូតដល់ទៅជាង ១,៥០០បំណែកឯណោះ។

យ៉ាងណាក៏ដោយ, នៅថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា «ការធ្វើតេស្ត គឺទទួលបានជោគជ័យ ដោយផ្កាយរណបឈ្មោះ ត្សេលីណា-ឌី (Tselina-D) ដែលបានស្ថិតក្នុងគន្លងតារាវិថីតាំងតែពីឆ្នាំ ១៩៨២ ត្រូវបានកម្ទេចចោល»។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក ស៊ីហ្គៃ សយហ្គូ (Sergei Shoigu) បានថ្លែងយ៉ាងដូច្នេះថា «ការធ្វើតេស្តមីស៊ីលកំពុងស្ថិតក្នុងការអភិវឌ្ឍនេះ បានវាយប្រហារចំគោលដៅយ៉ាងល្អឥតខ្ចោះ។ បំណែកដែលបង្កើតចេញពីការធ្វើតេស្តនេះ មិនប៉ះពាល់ដល់ប្រតិបត្តិការនៅទីអវកាសនោះឡើយ»

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន (Antony Blinken) បានហៅសកម្មភាពរុស្ស៊ីខាងលើនេះថា កំពុងបង្កគ្រោះថ្នាក់ដែលនឹកស្មានមិនដល់ ជាពិសេសទៅលើផ្កាយរណបអន្តរជាតិ និងស្ថានីយអវកាស ISS ខណៈអង្គការ NASA បានព្រមានថា ការហានិភ័យក៏អាចកើតមាន ចំពោះស្ថានីយអវកាសចិនផងដែរ។

ជាការឆ្លើយតបទៅកាន់អង្គការ NASA, អង្គការអវកាសរុស្ស៊ី រ៉ូសកូសម៉ូស (ROSCOSMOS) បានលើកឡើងថា សញ្ញាប្រកាសអាសន្ននៅលើស្ថានីយអវកាស ISS គឺស្ថិតនៅកម្រិតពណ៌ «បៃតង» ប៉ុណ្ណោះ ហេតុដូច្នេះវាពុំមានអ្វី ដែលត្រូវឲ្យគ្រប់គ្នាព្រួយបារម្ភនោះឡើយ។

ដោយឡែកប្រធានអង្គការ NATO លោក ហ្សង់ ស្តូលធិនប៊ឺក (Jens Stoltenberg) បានចាត់ទុកទង្វើរុស្ស៊ីនោះថា គ្មានការប្រុងប្រយ័ត្ន និងកំពុងបង្កក្តីព្រួយបារម្ភ។ សហរដ្ឋអាមេរិកបានអះអាងថា ខ្លួននឹងបើកកិច្ចពិភាក្សាជាមួយសម្ព័ន្ធទាំងឡាយ ដើម្បីឆ្លើយតបនឹងសកម្មភាពរបស់រុស្ស៊ី៕