(ដាម៉ាស់)៖ ទូរទស្សន៍រដ្ឋស៉ីរី នៅព្រឹកថ្ងៃពុធនេះបានរាយការណ៍ឱ្យដឹងថា អ៊ីស្រាអែលបានធ្វើការវាយប្រហារដោយមីស៊ីលចំនួន ០២គ្រាប់ ទៅលើអគារទុកចោលមួយ ដែលស្ថិតនៅភាគខាងត្បូងរដ្ឋធានីដាម៉ាស់ (Damascus) ប្រទេសស៉ីរី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមទូរទស្សន៍រដ្ឋស៉ីរី មីស៉ីលមួយគ្រាប់ត្រូវបានបាញ់ទម្លាក់ ខណៈពុំមានការខូចខាតអ្វី ត្រូវបានបង្កើតឡើងនោះឡើយ។ ការវាយប្រហារនេះ ត្រូវបានធ្វើឡើងពីតំបន់ ហ្គោឡេន ហេចស៍ (Golan Heights) ដែលកាន់កាប់ដោយអ៊ីស្រាអែល នៅជាប់ប្រទេសស៊ីរី។ ភ្លាមៗ មិនទាន់មានការឆ្លើយតបណាមួយ ពីសំណាក់អ៊ីស្រាអែលលើការវាយប្រហារនេះទេ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសរាប់រយដងហើយ នៅក្នុងប្រទេសស៉ីរី ដើម្បីកំទេចឃ្លាំងស្តុកអាវុធដែលពួកគេសង្ស័យថា ជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធ ហេសប៊ូលឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់។ កាលពីសប្តាហ៍មុននេះ ស៊ីរីក៏បានប្រកាសពីការវាប្រហារដោយមីស៊ីល ពីសំណាក់អ៊ីស្រាអែលផងដែរ ប៉ុន្តែភាគច្រើនត្រូវបានប្រព័ន្ធការពារដែនអាកាស បាញ់ស្ទាក់ដោយជោគជ័យ៕