(យ៉េរ៉េវ៉ាន់)៖ ប្រទេសអាមេនី បានស្នើសុំជំនួយពីរុស្ស៊ីដើម្បីជួយការពារតំបន់ព្រំដែនរបស់ខ្លួន បន្ទាប់ពីកងទ័ពអាមេនី ១៥នាក់បានស្លាប់នៅក្នុងការផ្ទុះអាវុធ ជាមួយកងទ័ពនៃប្រទេសអាហ្សែរបៃហ្សង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមក្រសួងការពារជាតិអាមេនី, កងទ័ពអាមេនី១៥នាក់បានស្លាប់, ១២នាក់ត្រូវបានចាប់ខ្លួន និងមូលដ្ឋានប្រយុទ្ធចំនួន ២ទីតាំងនៅឯតំបន់ព្រំដែនបានបាត់បង់ នៅក្រោយការផ្ទុះជម្លោះប្រដាប់អាវុធជាមួយកងទ័ពអាហ្សែរបៃហ្សង់ដែលបានបាញ់កាំភ្លើងធំមកលើកងទ័ពរបស់ខ្លួនកាលពីពេលថ្មីៗនេះ។

ក្រសួងការពារជាតិ អាមេនីបានបញ្ជាក់បន្ថែមដូច្នេះថា «ចាប់តាំងពីអាហ្សែរបៃហ្សង់ បានបើកការវាយប្រហារលើដែនដីអធិបតេយ្យរបស់អាមេនី, យើងស្នើឱ្យ រុស្ស៊ីជួយការពារដែន អធិបតេយ្យភាពរបស់អាមេនី ដោយផ្អែកលើកិច្ចព្រមព្រៀងការពារជាតិឆ្នាំ១៩៨៧ នៃប្រទេសរបស់យើងទាំង២»

គួរបញ្ជាក់ថា អាហ្សែរបៃហ្សង់មិនបានធ្វើការអត្ថាធិប្បាយអ្វីឡើយ រីឯរុស្ស៊ីក៏មិនទាន់បានឆ្លើយតបទៅនឹងការស្នើសុំរបស់អាមេនីដែរ។ អាហ្សែរបៃហ្សង់ និងអាមេនី ធ្លាប់ធ្វើសង្រ្គាមនឹងគ្នាអស់រយៈពេលជាង ៤៤ថ្ងៃ កាលពីឆ្នាំ២០២០កន្លងទៅ ជុំវិញបញ្ហាជម្លោះទឹកដីនៅឯតំបន់ Nagorno-Karabakh ដោយ មនុស្សយ៉ាងហោច ៦,៥០០នាក់បានស្លាប់នៅក្នុងសង្រ្គាមនេះ៕