(ម៉ូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ថារដ្ឋាភិបាលទីក្រុងម៉ូស្គូ នឹងជម្លៀសមនុស្ស ៣៨០នាក់ ចេញពីប្រទេសអាហ្វហ្កានីស្ថាន។

ការរាយការណ៍ខាងលើរបស់ទីភ្នាក់ងារសារព័ត៌មាន RIA ធ្វើឡើងដោយផ្អែកលើការស្រង់សម្ដីពីក្រុមមន្ត្រីនៃក្រសួងការពារជាតិរុស្ស៊ី ដែលបានបញ្ជាក់បន្ថែមថាមនុស្ស ៣៨០នាក់ដែលត្រូវបានជម្លៀសចេញពីអាហ្វហ្កានីស្ថាន ក្នុងនោះរួមមានពលរដ្ឋរុស្ស៊ី, បេឡារុស, កៀហ្ស៊ីស៊ីស្ថាន, អាមេនី, អ៊ុយក្រែន និងអាហ្វហ្កានីស្ថាន។

RIA បន្ថែមទៀតថាយន្ដហោះយោធារុស្ស៊ីធុន Il-76 ចំនួន៣គ្រឿងក៏នឹងដឹកជំនួយមនុស្សធម៌ ១០៨តោនទៅកាន់ទីក្រុងកាប៊ុលផងដែរ ហើយបន្ទាប់មកទើបជម្លៀស មនុស្សទាំងនេះចេញពីអាហ្វហ្កានីស្ថាន ទៅកាន់ប្រទេសរុស្ស៊ី៕