(អ៊ីស្លាម៉ាបាដ)៖ អាជ្ញាធរប៉ាគីស្ថានបានប្រកាសរកឃើញ «ករណីវិជ្ជមានដំបូង» នៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) នៅក្នុងខេត្ត ស៊ីនដ៍ (Sindh) ភាគខាងត្បូងប្រទេស ខណៈប្រភពដើមនៃការចម្លងនេះ គឺមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

អាជ្ញាធរប៉ាគីស្ថានបានគូសបញ្ជាក់ថា អ្នកផ្ទុកវីរុសបំប្លែងថ្មី Omicron ម្នាក់ខាងលើនេះ ត្រូវបានប្រកាសចេញលទ្ធផលកាលពីថ្ងៃពុធ បន្ទាប់ពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ អាហ្គា ខាន់ (Aga Khan) ស្ថិតនៅក្នុងទីក្រុង ការ៉ាជី (Karachi) ជាប់ឆ្នេរសមុទ្រ ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បានធ្វើការពិនិត្យយ៉ាងល្អិតល្អន់។

គួរបញ្ជាក់ថា អ្នកផ្ទុកវីរុស Omicron ម្នាក់នោះគឺជាស្ត្រី ដែលគ្មានចេញរោគសញ្ញានោះទេ ហើយបើតាមមន្ត្រីប៉ាគីស្ថាន ស្ត្រីរូបនេះក៏គ្មានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសដែរ។ បច្ចុប្បន្នស្ត្រីម្នាក់នេះ ត្រូវបានដាក់ឲ្យស្នាក់ដាច់ដោយឡែកនៅផ្ទះដើម្បីព្យាបាល ខណៈមនុស្សពីរនាក់ ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយស្ត្រីរូបនេះ ត្រូវបានធ្វើតេស្ត និងរកឃើញមានផ្ទុកវីរុស COVID-19 ដែរ តែមិនមែនជាវីរុសបំប្លែងថ្មី Omicron នោះឡើយ។

បើតាមអង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេស និងដែនដីសរុបចំនួន ៥៧ ហើយនៅលើពិភពលោក បានប្រកាសរកឃើញករណីវិជ្ជមាន នៃវីរុសបំប្លែងថ្មី Omicron។ អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានថ្លែងជុំវិញបញ្ហានេះថា ស្ថានការណ៍នៃការឆ្លងរាតត្បាត មេរោគបំប្លែងថ្មី (Omicron) អាចនឹងរីកកាន់តែធំឡើង ហើយវាដល់ពេលហើយដែលគ្រប់គ្នា ត្រូវចាប់ផ្តើមពីពេលឥឡូវនេះ ដើម្បីបង្កើនការទប់ស្កាត់ មុនពេលមានអ្នកជំងឺឆ្លងមេរោគ Omicron កាន់ច្រើននៅតាមមន្ទីរពេទ្យ៕