(តូក្យូ)៖ ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសជប៉ុន បានអះអាងថា វីរុសបំប្លែងថ្មី Omicron នៃជំងឺ COVID-19 មានសមត្ថភាពឆ្លងរាលដាលខ្ពស់ សូម្បីតែក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងការពារ ឬមួយក៏អ្នកដែលធ្លាប់បានឆ្លង វីរុសបំប្លែងថ្មីផ្សេងទៀតរួចហើយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំមួយ នៃក្រុមប្រឹក្សាយោបល់របស់ក្រសួងសុខាភិបាលជប៉ុន កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយ លោកសាស្រ្តាចារ្យ Hiroshi Nishiura នៃសាកលវិទ្យាល័យក្យូតូ បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល នៃការវិភាគសិក្សារបស់ពួកគេ ទៅលើស្ថានភាពឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៃវីរុសបំប្លែងថ្មី Omicron នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង។

ក្រុមអ្នកស្រាវជ្រាវខាងលើ បានពិនិត្យមើលព័ត៌មានអំពីហ្សែន បានមកពី២០០ករណី ដែលត្រូវបានរាយការណ៍អាហ្រ្វិកខាងត្បូង ចាប់ពីខែកញ្ញា រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយយោងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអន្តរជាតិ។ លទ្ធផលវិភាគរបស់ពួកគេ បានបង្ហាញថា ចំនួនមនុស្សជាមធ្យម ដែលអ្នកផ្ទុកវីរុសបំប្លែងថ្មី Omicron អាចចម្លងបន្ត គឺខ្ពស់ជាងវីរុស Delta ដល់ទៅ៤.២ដង នៅក្នុងខេត្ត Gauteng របស់អាហ្រ្វិកខាង ត្បូង ដែលជាកន្លែងមានករណីឆ្លង Omicron ខ្លាំងក្លាជាងគេ។

លោកសាស្រ្តាចារ្យ Nishiura បាននិយាយថា វីរុស Omicron នៅតែអាចបង្កហានិភ័យខ្ពស់ សូម្បីតែនៅតាមប្រទេស ដែលមានអត្រាអ្នកចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ ប៉ុន្តែលោកបានបន្ថែមថា លោកនឹងរង់ចាំមើលទិន្នន័យសំខាន់ៗថែមទៀត រួមមានដូចជាភាពធ្ងន់ធ្ងរ ដែលវីរុសបំប្លែងថ្មី នេះអាចបង្កឡើង ហើយនិងប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងទប់ទល់នឹងវា៕