(ឡាហាវ៉ាន)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសគុយបា បានប្រកាសពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ជាលើកដំបូង កាលពីយប់

ថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

បើតាមអាជ្ញាធរសុខាភិបាលគុយបា បុគ្គលិកសុខាភិបាលម្នាក់នៅក្នុងខេត្ត ពីណា ដែល រីយ៉ូ (Pinar del Rio) ត្រូវបានធ្វើតេស្ដវិជ្ជមានវីរុសបំប្លែងថ្មី Omicron បន្ទាប់ពីរូបគេធ្វើដំណើរត្រឡប់មកពីប្រទេសម៉ូហ្សំប៊ិគ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ ចំណែកឯ មនុស្ស១៨នាក់ផ្សេងទៀតដែលជាប់សង្ស័យ ឬបានប៉ះពាល់ជាមួយ អ្នកជំងឺរូប ទទួលបានការធ្វើតេស្ដដោយចេញលទ្ធផលអវិជ្ជមានទាំងអស់។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ, គុយបាបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ចំនួន ៧៨ករណី និងគ្មានអ្នកស្លាប់ ដែលនេះបានធ្វើឱ្យ ចំនួនអ្នកឆ្លងទូទាំងប្រទេសកើនដល់ ៩៦៣,៣៤៧នាក់ ក្នុងនោះស្លាប់ ៨,៣១១នាក់ និងជាសះស្បើយឡើងវិញ ៩៥៤,៥៧២នាក់។ គុយបាក៏បានដាក់ចេញ វិធានការរឹតត្បិតមួយចំនួនឡើងវិញផងដែរ ដើម្បីទប់ស្កាត់ការកើនឡើងជាថ្មីនៃករណីឆ្លង COVID-19៕