(ប៉េកាំង)៖ ចំពោះមុខការប្រកាសធ្វើពហិការ ផ្នែកការទូតជាបន្តបន្ទាប់ ពីសំណាក់សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្ត ប្រទេសចិនបានចេញសារព្រមានជាថ្មី ទៅកាន់បណ្តាប្រទេសលោកខាងលិចទាំងនោះ នៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងទទួលរងផលវិបាក ដោយសារតែទង្វើរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នា ក់ងារសារព័ត៌មាន AFP នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, ប្រទេសអូស្ត្រាលី និងប្រទេសកាណាដា បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា នឹងមិនបញ្ជូនមន្ត្រីការទូត ឲ្យទៅចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះឡើយ។ ការធ្វើពហិការផ្នែកការទូតនេះ ត្រូវបានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនអះអាងថា ជាការឆ្លើយតបនឹងរបាយការណ៍សិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំងរបស់ចិន។

ជាការឆ្លើយតបវិញទៅកាន់ទង្វើ នៃក្រុមសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃព្រហស្បតិ៍នេះថា «ការប្រើប្រាស់វេទិកាអូឡាំពិក ដោយសហរដ្ឋអាមេរិក, អូស្ត្រាលី, ចក្រភពអង់គ្លេស និងកាណាដា ធ្វើជាឧបាយកលនយោបាយ គឺមិនមានប្រសិទ្ធភាពឡើយ និងជាការដាក់ខ្លួនឯង ឲ្យនៅដាច់ឯកោ... ហើយពួកគេនឹងត្រូវបង់នូវតម្លៃ ដោយចៀសមិនរួច ចំពោះអំពើខុសឆ្គងរបស់ពួកគេ»