(ប៉េកាំង)៖ កាលពីឆ្នាំ២០១៨, ប្រធានយុទ្ធសាស្ត្ររបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Steve Bannon បានលើកឡើងថាសហរដ្ឋអាមេរិកចាំបាច់ណាស់ត្រូវតែ «ចែកផ្លូវគ្នា» ជាមួយចិន ហើយមកទល់នឹងបច្ចុប្បន្ន គំនិតមួយនេះនៅតែត្រូវបានគេយកមកជជែកពិភាក្សាពីទំនាក់ទំនង រវាងអាមេរិក និងចិន។

ក្រុមអ្នកជំនាញជាច្រើនជឿថាការចែកផ្លូវគ្នា ឬការផ្ដាច់ទំនាក់ទំនងទាំងស្រុង មិនជាដំណោះស្រាយឡើយ ផ្ទុយទៅវិញវាអាចនឹងបង្កទៅជាគ្រោះថ្នាក់ធំ
ទៅវិញទេ។ ការផ្ដាច់ទំនាក់ទំនងខ្លះៗ ជាមួយចិន បាន និងកំពុងកើតឡើងរួចទៅហើយនៅក្នុងវិស័យមួយចំនួន។ តួយ៉ាងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិក និងចិនបានជាប់ផុងក្នុងសង្រ្គាមពាណិជ្ជកម្មដ៏ក្ដៅគគុក។

បន្ថែមពីលើនេះ សហរដ្ឋអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនផងដែរ ក្នុងនោះរួមទាំងក្រុមហ៊ុន ZTE និងក្រុមហ៊ុន Huawei ព្រមទំាងកាត់ក្រុមហ៊ុនចិនមួយចំនួនទៀតចេញពីបញ្ជីផ្សារភាគហ៊ុនអាមេរិក រហូតទាល់តែក្រុមហ៊ុនទាំងនោះអាចបំពេញបាននូវ លក្ខខណ្ឌស្ដង់ដារតម្រូវដោយសហរដ្ឋអាមេរិក និងបញ្ចូលបន្ថែមក្រុមហ៊ុនចិនជាច្រើនទៅក្នុងបញ្ជីរឹតត្បិតពាណិជ្ជកម្ម។ និន្នាការបែបនេះបានដើរហួសលើស វិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ ជាឧទាហរណ៍, ចំនួននិស្សិតចិន ដែលបានចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យអាមេរិកបានថយចុះយ៉ាងគំហុក ហើយកាលពីពេលថ្មីៗនេះ រដ្ឋបាលលោក ចូ បៃដិន ថែមទាំងបានប្រកាសពីការធ្វើពហិការផ្នែកការទូតមិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ ដែលទីក្រុងប៉េកាំងធ្វើជាម្ចាស់ផ្ទះទៀតផង ដោយបង្កឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីចិន។

តែទោះជាបែបនេះក្ដី, ការវិវត្តស្ថានការណ៍ទាំងនេះមិនអាចយកមកសន្មត់ថាអាមេរិក ឬចិន បានសម្រេចចិត្តចែកផ្លូវគ្នា ឬផ្ដាច់ទំនាក់ទំនងនឹងគ្នានោះទេ។ ចិន បានអនុវត្តយុទ្ធសាស្ត្រយ៉ាងប្រយ័ត្នប្រយែងដោយមិនចាប់ផ្ដើមជម្លោះណាមួយជាមួយអាមេរិកមុនឡើយ ស្របពេលអាមេរិកខ្លួនឯងគាំទ្រឱ្យមានការប្រកាន់ ជំហរម៉ឺងម៉ាត់ចំពោះចិន តែក៏មិនគាំទ្រឱ្យមានការផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ចទាំងស្រុងជាមួយចិននោះដែរ។

ពិតមែនទៅ, ការផ្ដាច់ទំនាក់ទំនងមិនមែនជាផលប្រយោជន៍របស់បណ្ដាក្រុមហ៊ុនអាមេរិកទេ។ សភាពាណិជ្ជកម្មអាមេរិកធ្លាប់បានចេញផ្សាយរបាយការណ៍ថា ក្រុមហ៊ុនអាមេរិក អាចនឹងខាតបង់ប្រាក់រាប់រយពាន់លានដុល្លារ ប្រសិនជាពួកគេបញ្ឈប់ ឬបញ្ចប់ការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសចិន ឬក៏អាមេរិក និងចិនបន្តធ្វើសង្រ្គាមដំឡើងពន្ធដាក់គ្នាទៅវិញទៅមក។ នេះអាចយកមកពន្យល់បានថាតើហេតុអ្វីបានជាអតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence កាលពីឆ្នាំ២០១៩ បានប្រកែកថា «ទេ» នៅពេលត្រូវបានសាកសួរថាតើរដ្ឋបាលលោក ដូណាល់ ត្រាំ ចង់ចែកផ្លូវ ឬផ្ដាច់ទំនាក់ទំនងជាមួយចិន។

ម្យ៉ាងវិញទៀត អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai បានកត់សម្គាល់ថាការចែកផ្លូវ ឬការផ្ដាច់ទំនាក់ទំនងជាមួយចិន នឹងមិនផ្ដល់លទ្ធផល ជាទីគាប់ចិត្តឡើយ ផ្ទុយទៅវិញអាមេរិកកំពុងបន្តការផ្សាភ្ជាប់ឡើងវិញជាមួយចិន។

គួរបញ្ជាក់ថា បើតាមរបាយការណ៍, ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន នៅបន្ទាប់ពីអាមេរិក និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ កាលពីឆ្នាំ២០២០ ភាគីទាំង២បានយល់ព្រមបន្ធូរបន្ថយកម្ដៅនៃសង្រ្គាមពាណិជ្ជកម្មដំឡើងពន្ធដាក់គ្នាទៅវិញទៅមក។ នៅក្នុងឆ្នាំ២០២០, ទំនិញអាមេរិក នាំចេញទៅកាន់ប្រទេសចិនបានកើនឡើងប្រហែល ១៨ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩ ហើយចិននៅតែទីផ្សារធំលំដាប់ទី៣នៅលើពិភពលោកសម្រាប់ ការនាំចេញផលិតរបស់អាមេរិកដដែល៕

ប្រភព៖ CNA (ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១)