(បាកដាដ)៖ ទីភ្នាក់ងារព័ត៌មានអ៉ឺរ៉ាក់ INA បានរាយការណ៍ថាគ្រាប់រ៉ុក្កែតប្រភេទ កាទីយូសា (Katyusha) ចំនួន២គ្រាប់ បានធ្លាក់ចំតំបន់ Green Zone ក្បែរ បរិវេណស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ នៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១។

បើតាមទីភ្នាក់ងារព័ត៌មានអ៉ឺរ៉ាក់ INA គ្រាប់រ៉ុក្កែតមួយគ្រាប់ត្រូវបានបំផ្លាញនៅពីលើអាកាសដោយប្រព័ន្ធខែលការពារមីស៊ីល C-RAM ដែលត្រូវបានដាក់ដំឡើង ការពារស្ថានទូតអាមេរិក និងមួយគ្រាប់ទៀតធ្លាក់នៅឯទីលានមួយក្នុងតំបន់ Green Zone។ ប៉ុន្តែ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់ឡើយ ហើយការស៊ើបអង្កេតមួយកំពុងធ្វើឡើង។

គួរបញ្ជាក់ថា Green Zone គឺជាតំបន់មួយនៅចំកណ្ដាលរដ្ឋធានីបាកដាដ និងជាទីប្រមូលផ្ដុំអគារការិយាល័ យសំខាន់ៗរបស់រដ្ឋាភិបាលអ៉ីរ៉ាក់ និងស្ថានទូត អាមេរិក ហើយតំបន់នេះជារឿយៗតែងតែរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដែលក្រុមមន្ត្រីអាមេរិកចោទថាមានជាប់ពាក់ព័ន្ធនឹងក្រុមជីវពល ឬក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់៕