(គូឡាឡំាពួរ)៖ មនុស្សច្រើនជាង ២១,០០០នាក់ដែលរងផលប៉ះពាល់ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត នៅក្នុងប្រទេសម៉ាឡេស៊ី នារយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ត្រូវបានជម្លៀសទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្ននៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមអាជ្ញាធរម៉ាឡេស៊ី រដ្ឋសឺឡាំងហ្គ័រ (Selangor) គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងដែលនៅតែបន្ត វាយប្រហារ ខណៈអាជ្ញាធរឧតុនិយមម៉ាឡេស៊ី ប្រកាសពីកម្រិតអាសន្នពីអាកាសធាតុអាក្រក់នៅថ្ងៃអាទិត្យនេះ។

នៅក្នុងសារមួយបង្ហោះលើ Facebook នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អ៉ីស្លាអែល ស៊ុបព្រី យ៉ាក់កូប (Ismail Sabri Yaakob) បានប្រកាសថារដ្ឋាភិបាលរបស់ លោកនឹងផ្ដល់ជំនួយសម្រាប់ជួសជុលផ្ទះសម្បែង និងហេដ្ឋារចនាសម្ពន្ធនានា ហើយក៏បានសន្យាថានឹងផ្ដល់ជំនួយហិរញ្ញវត្ថុដល់ក្រុមគ្រួសារ ដែលរងផលប៉ះពាល់ផងដែរ។

បន្ថែមពីលើនេះ លោកថែមទាំងបានបញ្ជាក់ដែរថាលោកបានចេញបញ្ជាដោយផ្ទាល់ឱ្យរដ្ឋមន្ត្រីរបស់លោកទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជួយ ដល់ប្រតិបត្តិការសង្រ្គោះប្រជាជនម៉ាឡេស៊ី នៅតាមតំបន់ដែលរងគ្រោះធ្ងន់ធ្ងរឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕