(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៦,១១០ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតា មការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

ករណីឆ្លងខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់។ ដោយឡែកទីក្រុងហូជីមិញដែលតាំងពីដើមជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,០១៤ ករណី តាមពីក្រោយរដ្ឋធានីហាណូយ ដែលរាយការណ៍ចំនួន ១,៤០៥ករណី និងខេត្ត Cà Mau ចំនួន ១,៣៤៥ករណី ។

ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២១៥នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៥៤០,៤៧៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,១០៧,៩៦៣នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៩,៥៦៦នាក់៕