(ប៉េកាំង)៖ ប្រមុខការទូតចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះ បាននិយាយថា កោះតៃវ៉ាន់ គឺប្រៀបដូចជាជនរសាត់អណ្តែតម្នាក់ ដែលនៅទីបញ្ចប់គង់តែវិលត្រឡប់មករកផ្ទះរបស់ខ្លួនវិញយ៉ាងដូច្នេះ ហើយមិនមែនជាកូនអុកសម្រាប់ឲ្យអ្នកដទៃប្រើប្រាស់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។

លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថា ដើមចមនៃភាពតានតឹងបច្ចុប្បន្ន គឺដោយសារតែ ការពឹងផ្អែករបស់រដ្ឋាភិបាលកោះតៃវ៉ាន់ ទៅលើសហរដ្ឋអាមេរិក ដើម្បីប៉ុនប៉ង់ស្វែងរកឯករាជ្យភាព ព្រមទាំងការដែលអាមេរិក រួមនិងប្រទេសដទៃទៀត ព្យាយាមប្រើប្រាស់តៃវ៉ាន់ដើម្បីគ្រប់គ្រងចិន។

លោក វ៉ាង យី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ព្រោះតែសកម្មភាពមិនត្រឹមត្រូវទាំងនេះ ទើបធ្វើឲ្យស្ថានភាពដើមត្រូវបានផ្លាស់ប្តូរ ហើយប៉ះពាល់ដល់សុខសន្តិភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ដែលវាបំពានលើគោលការណ៍កូសង់ស៉ីសនៃសហគមន៍អន្តរជាតិ ក៏ដូចជាបទដ្ឋានទូទៅនៃទំនាក់ទំនងអន្តរជាតិ»

លោកប្រមុខការទូតចិនបានបន្តថា «ដើម្បីឆ្លើយតបចំពោះបញ្ហានេះ ចិនត្រូវបង្ខំចិត្តចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីបំបាក់ភាពក្រអឺតក្រទម របស់ក្រុមដែលព្យាយាមស្វែងរកឯករាជ្យភាពឲ្យតៃវ៉ាន់។ តៃវ៉ាន់ប្រៀបដូចជា ជនរសាត់អណ្តែតម្នាក់យ៉ាងដូច្នោះ ដែលនៅចុងបញ្ចប់ មុខតែនឹងត្រូវត្រឡប់មកផ្ទះវិញ និងមិនមែនជាកូនអុកសម្រាប់ឲ្យ អ្នកដទៃយកទៅប្រើឡើយ»

សម្រាប់រដ្ឋាភិបាលតៃវ៉ាន់វិញ គឺបានរិះគន់ជាដដែលៗ ចំពោះការដាក់សម្ពាធរបស់ចិន ដោយនិយាយថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ទើបជាអ្នកមានសិទ្ធិសម្រេចអំពីអនាគតរបស់ពួកគេ ហើយពួកគេនឹងមិនចុះញ៉មដាក់ចិនជាដាច់ខាត៕