(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃចន្ទនេះ បានថ្លែងថា ប្រទេសចិនមិនខ្លាចការប្រឈមមុខដាក់គ្នា ជាមួយសហរដ្ឋអាមេរិកឡើយ ប៉ុន្តែក៏ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការផងដែរ ប្រសិនបើវាផ្តល់ផលប្រយោជន៍ឲ្យទាំងសងខាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។

លោក វ៉ាង យី បាននិយាយដូច្នេះថា «ប្រសិនបើវាជាការប្រឈមមុខដាក់គ្នា នោះចិននឹងមិនខ្លាចសោះឡើយ ហើយនឹងតស៊ូប្រយុទ្ធរហូតដល់ទីបញ្ចប់។ ការប្រកួតប្រជែងមិនមែនជារឿងអាក្រក់អ្វីទេ ប៉ុន្តែវាគួរធ្វើឡើងក្នុងផ្លូវវិជ្ជមាន»។ ទន្ទឹមគ្នានេះដែរ លោកប្រមុខការទូតចិន បានបន្ថែមថា ប្រទេសលោកស្វាគមន៍ចំពោះ ការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ប៉ុន្តែវាត្រូវផ្តល់ប្រយោជន៍ឲ្យភាគីទាំងសងខាង។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនេះ បានធ្លាក់ចុះដល់កម្រិតមួយយ៉ាងទាប ជុំវិញភាពមិនចុះសម្រុងគ្នាជាច្រើន រួមមានដូចជា ប្រភពដើមនៃជំងឺឆ្លងរាតត្បាត COVID-19, ពាណិជ្ជកម្ម, សិទ្ធិមនុស្ស, និងតៃវ៉ាន់។ ក្នុងជំនួបតាមទូរស័ព្ទ កាលពីខែវិច្ឆិកាកន្លងទៅ ដែលមានរយៈពេលជាង៣ម៉ោង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដាក់សម្ពាធលើសមភាគីចិន លោក ស៉ី ជិនពីង ស្តីពីបញ្ហាសិទ្ធិមនុស្ស ខណៈលោក ស៉ី បានព្រមានតបវិញថា ចិននឹងឆ្លើយតបចំពោះអ្វី ដែលខ្លួនចាត់ទុកជា សកម្មភាពបង្កហេតុ ទាក់ទងបញ្ហាកោះតៃវ៉ាន់៕