(ណៃពិដោ)៖ តុលាការយោធាមីយ៉ាន់ម៉ា ត្រូវគេរាយការណ៍ថា បានពន្យារពេលនៅថ្ងៃចន្ទនេះ ចំពោះការប្រកាសសាលក្រមថ្មីផ្សេងទៀត នៅក្នុងសំណុំរឿងរបស់ មេដឹកនាំដែលត្រូវបានទម្លាក់ចេញពីតំណែង គឺលោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ទៅកាន់ថ្ងៃទី២៧ ខែធ្នូ វិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។

តុលាការយោធាមីយ៉ាន់ម៉ា ត្រូវប្រកាសសាលក្រមពាក់ព័ន្ធ បទចោទប្រកាន់ចំនួន២ផ្សេងទៀត របស់លោកស្រី Aung San Suu Kyi រួមមានពីបទកាន់កាប់ដោយខុសច្បាប់ នូវឧបករណ៍វិទ្យុទាក់ទង និងឧបករណ៍កាត់ផ្តាច់រលកសញ្ញា ដែលអាចមានទោសអតិបរមាជាប់ ពន្ធនាគាររយៈពេល០៣ឆ្នាំ សម្រាប់បទចោទប្រកាន់ទីមួយ និងរយៈពេល០១ឆ្នាំសម្រាប់ប្រទេសចោទប្រកាន់ទី២។ ប្រភពអះអាងខាងលើ បាននិយាយ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ចៅក្រមមិនបានប្រាប់ពីហេតុផល នៃការពន្យារពេលនេះទេ។

ការពន្យារពេលនេះ បានកើតឡើងបន្ទាប់ពីលោកស្រី ស៊ូជី អាយុ៧៦ឆ្នាំ ត្រូវបានតុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសកាលពីថ្ងៃទី០៦ ខែធ្នូ ឱ្យជាប់ពន្ធនាគាររយៈពេល ០៤ឆ្នាំពីបទញុះញង់ឱ្យមានការប្រព្រឹត្តអំពើហិង្សា និងបំពានវិធានការទប់ស្កាត់ជំងឺ COVID-19។ ប៉ុន្តែការកាត់ទោសរបស់លោកស្រី ក្រោយមកត្រូវបានបន្ថយមកត្រឹម០២ឆ្នាំវិញ នៃការឃុំខ្លួននៅទីតាំងបច្ចុប្បន្នរបស់លោកស្រី ដែលមិនត្រូវបានបង្ហើបឲ្យដឹងឡើយ។

គួរបញ្ជាក់ថា អតីតមេដឹកនាំមីយ៉ាន់ម៉ារូបនេះ បានរងបទចោទប្រកាន់ជាច្រើនករណី ដែលបើសរុបចូលគ្នាអាចឲ្យលោកស្រី ប្រឈមនឹងការជាប់ពន្ធនាគារជាអតិបរមាលើសពី ១០០ឆ្នាំឯណោះ៕