(ញូដេលី)៖ ប្រទេសឥណ្ឌាដែលមានប្រជាជនច្រើនបំផុតលំដាប់លេខ ២ លើពិភពលោក រហូតដល់ទៅជិត ១,៤០០លាននាក់ ទើបតែបានរាយការណ៍ពីការរកឃើញ ករណីវិជ្ជមាននៃវីរុស COVID-19 បំប្លែងថ្មី Omicron សរុប ២០០ករណី នៅក្នុងរដ្ឋចំនួន ១២ ក្នុងចំណោមរដ្ឋសរុបទាំង ២៨ របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។

អាជ្ញាធរសុខាភិបាលឥណ្ឌាបានប្រកាសនៅថ្ងៃអង្គារនេះទៀតថា ចំនួនករណីវិជ្ជមាន Omicron បានកើនឡើងទ្វេដង ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ប៉ុន្តែ ៤០% នៃអ្នកជំងឺបានជាសះស្បើយវិញហើយ។ អ្នកជំនាញជាន់ខ្ពស់ឥណ្ឌា ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា វីរុស COVID-19 បំប្លែងថ្មី Omicron ដែលមានប្រភពដើមពីអាហ្វ្រិកខាងត្បូងនោះ មិនអាចបង្កឲ្យអ្នកជំងឺឈឺធ្ងន់ ដូចជាវីរុសបំប្លែងខ្លួន Delta នោះឡើយ។

គួរបញ្ជាក់ថា ក្រៅពីបានដាក់ការរឹតត្បិតលើការធ្វើដំណើរ ចំពោះបណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូង ឥណ្ឌាក៏បាននិងកំពុងជំរុញយុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ផងដែរ។ គិតត្រឹមពេលនេះ ប្រជាជនឥណ្ឌា ៨៧% ក្នុងចំណោមប្រជាជនសរុប ៩៤៤លាននាក់ ដែលគ្រប់អាយុវ៉ាក់សាំងនោះ បានទទួលការចាក់គ្រប់ដូសរួចហើយ។ គិតត្រឹមពេលនេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុប ៣៤.៧៥លានករណី ក្នុងនោះស្លាប់សរុបជាង ៤៧៨,០០០នាក់ និងជាសះស្បើយវិញ ៣៤.២លាននាក់៕