(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Moderna បានអះអាងថា ក្រុមហ៊ុននេះមិនរំពឹងថា នឹងមានបញ្ហាអ្វីមួយកើតឡើងនៅក្នុងការអភិវឌ្ឍ «វ៉ាក់សាំងដូសជំរុញ» ដើម្បីទប់ទល់នឹងមេរោគ COVID-19 បំប្លែងថ្មី Omicron នោះឡើយ ហេតុដូច្នេះដំណើរការទាំងមូលនឹងចាប់ផ្តើម នៅប៉ុន្មានសប្តាហ៍ខាងមុខទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។

សម្រាប់ការធ្វើតេស្តវ៉ាក់សាំងចម្បង ដើម្បីប្រឆាំងនឹងវីរុស Omicron តែម្តងនោះ អាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២២ ប៉ុន្តែសម្រាប់ពេលនេះក្រុមហ៊ុន Moderna នឹងផ្តោតជាសំខាន់លើការអភិវឌ្ឍត្រឹម វ៉ាក់សាំងដូសជំរុញ ដើម្បីទប់ទល់វីរុសបំប្លែងថ្មី ដែលងាយចម្លងយ៉ាងឆាប់រហ័សមួយនេះសិន។ ក្រុមហ៊ុន Moderna ត្រូវបានគេមើលឃើញថា បាននិងកំពុងរង់ចាំលទ្ធផលនៃការសិក្សា ពីក្រុមអ្នកជំនាញអន្តរជាតិបន្ថែម អំពីឥទ្ធិពលពិតប្រាកដនៃ Omicron ដើម្បីសម្រួលដល់ដំណើរការអភិវឌ្ឍវ៉ាក់សាំងរបស់ខ្លួន។

បើតាមលោក ស្ទេហ្វាន ប៊ែនសែល (Stephane Bancel) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna បានលើកឡើង ជុំវិញការអភិវឌ្ឍវ៉ាក់សាំងដូសជំរុញ ដើម្បីទប់ទល់ Omicron នោះថា «យើងគ្រាន់តែត្រូវការ ការកែតម្រូវបន្តិចបន្តួចប៉ុណ្ណោះ (ទៅវ៉ាក់សាំងដែលមានស្រាប់) ដើម្បីឲ្យវាអាចទប់ទល់ Omicron។ ខ្ញុំរំពឹងថា នឹងមិនមានបញ្ហាអ្វីនោះទេ។ យើងត្រូវការពេលយ៉ាងហោចណាស់ ១ ទៅ ២សប្តាហ៍ទៀត (ដើម្បីចាប់ផ្តើមដំណើរការអភិវឌ្ឍ)... ហើយក៏នឹងត្រូវការពេល ២ ទៅ ៣ខែ ដើម្បីផលិតវ៉ាក់សាំងឲ្យបាន ៥០០លានដូស បន្ទាប់ពីវាទទួលបានការអនុម័តពីអាជ្ញាធរ... ប៉ុន្តែតម្រូវការវ៉ាក់សាំងសម្រាប់ពេលនេះ នឹងមានច្រើនខ្លាំងបើធៀបនឹងមួយឆ្នាំមុន»