(បាងកក)៖ សារព័ត៌មាន Bangkok Post នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ថារដ្ឋាភិបាលថៃអាចនឹងធ្វើការផ្លាស់ប្ដូរបញ្ជីឈ្មោះនៃប្រទេស ដែលស្ថិតនៅក្នុងកម្មវិធី «Test & Go» ខណៈមានការសង្ស័យជាច្រើនថាកម្មវិធីនេះអាចនឹងត្រូវផ្អាកដំណើរការ ចំពោះមុខការបារម្ភពីវត្តមានមេរោគបំប្លែងថ្មី Omicron។

ដោយផ្អែកលើការស្រង់សម្ដីរបស់ប្រធានមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA) លោក Supoj Malaniyom, សារព័ត៌មាន Bangkok Post បានបញ្ជាក់ទៀតថាមជ្ឈមណ្ឌល CCSA នឹងកំណត់អត្តសញ្ញាណប្រទេសដែលមានហានិភ័យខ្ពស់ មុននឹងបើកកិច្ចប្រជុំមួយនៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បី សម្រេចចិត្តថាតើត្រូវធ្វើការកែប្រែកម្មវិធី «Test & Go» ដែរឬក៏យ៉ាងណា ហើយប្រសិនបើមើលឃើញករណីឆ្លងមានហានិភ័យខ្ពស់ នោះកម្មវិធីនេះអាចនឹងត្រូវ បានផ្អាកទាំងស្រុងតែម្ដង។

គួរបញ្ជាក់ថា «Test & Go» គឺជាកម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកដំណើរបរទេសចូលមកក្នុងប្រទេសថៃ ដោយឆ្លងកាត់ការធ្វើតេស្ដ និងបញ្ជាក់ពីការចាក់វ៉ាក់សាំង បង្ការ COVID-19។ កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការកាលពីខែវិច្ឆិកាកន្លងទៅ ក្នុងគោលដៅជំរុញកំណើនភ្ញៀវទេសចរឡើងវិញ ដើម្បីស្ដារឡើងវិញនូវ
សេដ្ឋកិច្ចជាតិ ជាពិសេសឧស្សហកម្មទេសចរណ៍ ដែលរងការខូចខាតដោយសារ COVID-19៕