(ប៊ែរឡាំង)៖ អាជ្ញាធរនិយតករឱសថអឺរ៉ុប បាននិយាយថាវ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» អាចជួយបង្កើន ឬស្ដារឡើងវិញនូវការការពារមួយចំនួនប្រឆាំងនឹង មេរោគបំប្លែងថ្មី Omicron ខណៈតំបន់អឺរ៉ុបកំពុងមើលឃើញការកើនឡើងជាថ្មីនូវករណីឆ្លងប្រចាំថ្ងៃ ដែលបង្កឡើងដោយមេរោគបំប្លែងថ្មីមួយនេះ។ នេះបើតាម

ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។

លោក Marco Cavaleri ជាប្រធានផ្នែកយុទ្ធសាស្ត្រវ៉ាក់សាំងនៃទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ និងផ្អែកលើទិន្នន័យសិក្សាបឋម។ លោក Cavaleri បានបញ្ជាក់ដូច្នេះថា «ទិន្នន័យបានបង្ហាញពីការថយចុះប្រសិទ្ធភាពវ៉ាក់សាំង COVID-19 ប្រឆាំងនឹងមេរោគបំប្លែងថ្មី Omicron។ តែការចាក់វ៉ាក់សាំងដូសជំរុញអាចនឹងបង្កើនការការពារ ក្នុងកម្រិតខ្ពស់ប្រឆាំងនឹងមេរោគបំប្លែងថ្មីនេះ»

គួរបញ្ជាក់ថា បណ្ដាប្រទេសអឺរ៉ុបកាន់តែច្រើនឡើង បាន និងកំពុងជំរុញឱ្យប្រជាជនរបស់ខ្លួនចាក់វ៉ាក់សាំងបង្ការដូសជំរុញ ចំពោះមុខការឆ្លងរាលដាលកាន់តែខ្លាំងនៃ មេរោគបំប្លែងថ្មី Omicron ដែលបានបង្ខំឱ្យប្រទេសជាច្រើនដាក់ចេញវិធានការរឹតត្បិតនានាឡើងវិញ៕