(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៨១,២៦៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៨១១នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥២,២៥៣,៨៤៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៣០,៩៩០នាក់ និងជាសះស្បើយឡើងសរុបជាង ៤០.៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានស្នើយ៉ាងទទូចឲ្យប្រជាជនទាំងអស់ ដែលគ្រប់លក្ខខណ្ឌក្នុងការទទួលបាន វ៉ាក់សាំងបង្ការ COVID-19 ប្រញាប់ទៅទទួលការចាក់ជាបន្ទាន់ ដើម្បីទប់ទល់នឹងមេរោគបំប្លែងថ្មី Omicron ដែលបានរ៉ាប់រងករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិករហូតដល់ទៅ ៧៣% បើធៀបនឹងអត្រាតែជាង ១% ប៉ុណ្ណោះកាលពីដើមខែធ្នូនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៩៦លានដូស ក្នុងនោះប្រជាជន ២៤១.៨៨លាននាក់ (៧៣.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០២.៥២លាននាក់ (៦១.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៦០.៧១លាននាក់ (១៨.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕