(ប៉ារីស)៖ រដ្ឋមន្ត្រីសុខាភិបាលបារាំងលោក អូលីវីយែ វែរ៉ង់ (Olivier Veran) បានព្រមានថា ប្រទេសអឺរ៉ុបមួយនេះនឹងមើលឃើញ ចំនួនករណីឆ្លងជំងឺ COVID-19 រហូតដល់ខ្ទង់ ១០០,០០០នាក់ក្នុងមួយថ្ងៃ ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈខ្លួនកំពុងព្យាយាមប្រយុទ្ធនឹងរលកទី ៥ នៃការឆ្លងរាតត្បាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។

លោក Olivier Veran បានរំលឹកឡើងវិញទៀតថា វីរុស COVID-19 បំប្លែងថ្មី Omicron នឹងក្លាយជាមេរោគរាតត្បាតចម្បងបំផុត ទូទាំងប្រទេសបារាំង នៅអំលុងដើមឆ្នាំ ២០២២។ យ៉ាងណាក៏ដោយ មិនមានផែនការរឹតត្បិតថ្មីណាមួយ ត្រូវបានដាក់លើតុនៅឡើយទេ ដោយអាជ្ញាធរសុខាភិបាលបារាំងនៅតែរំពឹងថា ការបង្កើនចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំងបង្ការរួចរាល់ នឹងនៅតែអាចបន្តឲ្យប្រទេសអឺរ៉ុបមួយនេះ ទប់ទល់នឹងវីរុស Omicron បាន។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅនេះ បារាំងបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ថ្មីៗសរុប ៧២,៨៣២ករណី និងអ្នកជំងឺ ២១០នាក់ទៀតស្លាប់ ក្នុងរយៈពេល ២៤។ គិតត្រឹមពេលនេះ បារាំងមានករណីឆ្លង COVID-19 សរុប ៨.៧១លាននាក់ ក្នុងនោះស្លាប់សរុប ៧២,៨៣២នាក់ និងជាសះស្បើយវិញ ៧.៦លាននាក់។ បារាំងបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១១៩លានដូស ក្នុងនោះប្រជាជន ៥២.៥៥លាននាក់ (៧៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ ១ដូស, ៤៨.៨៤លាននាក់ (៧២.៥%) បានទទួលការចាក់ ២ដូស និង ១៨.៤លាននាក់ (២៧.៣%) បានទទួលការចាក់ដូសជំរុញ៕