(វ៉ាស៉ីនតោន)៖ លោក រ៉ប់ ម៉ាលី (Rob Malley) មន្រ្តីចរចារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា នៅសល់ពេលត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញជាមួយប្រទេសអ៉ីរ៉ង់ ប្រសិនបើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ នៅតែបន្តសកម្មភាពនុយក្លេអ៊ែរបស់ខ្លួន ក្នុងសន្ទុះបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។

លោក Malley ដែលមានតួនាទីជាបេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាអ៉ីរ៉ង់ បានថ្លែងប្រាប់សារព័ត៌មាន CNN ដូច្នេះថា «វាអាស្រ័យទៅលើសន្ទុះនៃដំណើរការ កម្មវិធីនុយក្លេអ៊ែររបស់ពួកគេ។ ប្រសិនបើពួកគេបន្ថយឬផ្អាកសកម្មភាព យើងនឹងមានពេលច្រើន។ ប៉ុន្តែបើពួកគេនៅតែបន្តក្នុងសន្ទុះបច្ចុប្បន្ន នោះយើងនឹងនៅសល់ពេលត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មិនច្រើនជាងនេះទៀតឡើយ ដើម្បីស្តារកិច្ចព្រមព្រៀង»

ក្នុងថ្ងៃអង្គារដដែល រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគិន (Antony Blinken) បាននិយាយថា លោកនឹងមិនដាក់កាលបរិច្ឆេទកំណត់ សម្រាប់កិច្ចចរចានុយក្លេអ៊ែរអ៉ីរ៉ង់ឡើយ ប៉ុន្តែលោកក៏បានឲ្យតំរុយដែរថា ឱកាសសម្រាប់ស្រោចស្រង់កិច្ចព្រមព្រៀង គឺកំពុងកាន់តែខើចទៅៗហើយ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងហៅថា JCPOA ដែលសម្រេចបានដំបូងកាលពីឆ្នាំ២០១៥ ផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មចំពោះអ៉ីរ៉ង់ ជាថ្នូរនឹងការរឹតត្បិតកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ដែលត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង របស់អង្គការសហប្រជាជាតិ។ ប៉ុន្តែអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបញ្ចេញទណ្ឌកម្មសាជាថ្មី ដែលជាហេតុនាំឲ្យអ៉ីរ៉ង់ ចាប់ផ្តើមលែងគោរពតាមកិច្ចព្រមព្រៀងតទៅទៀត កាលពីឆ្នាំ២០១៩៕