(ណៃពិដោ)៖ ក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលចំណាស់ជាងគេនៅប្រទេសមីយ៉ាន់ម៉ា កំពុងជំរុញឲ្យអន្តរជាតិជួយក្នុងការបង្កើត «តំបន់គ្មានការហោះហើរ» មួយកន្លែង នៅក្បែរព្រំប្រទល់ជាប់ជាមួយប្រទេសថៃ បន្ទាប់ពីពួកគេបានព្រមានថា ការប៉ះទង្គិចគ្នាជាមួយកងកម្លាំងយោធាមីយ៉ាន់ម៉ា បាននិងកំពុងធ្វើឲ្យជនស្លូតត្រង់ ទទួលរងហានិភ័យពីការវាយប្រហារតាមផ្លូវអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។

មួយរយៈចុងក្រោយនេះ ការប្រយុទ្ធគ្នាហាក់កំពុងកើនឡើងកម្តៅជាខ្លាំង រវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ហៅកាត់ KNU ដែលបង្ខំឲ្យមនុស្សរាប់ពាន់នាក់ រត់ភៀសខ្លួនដើម្បីទៅជ្រកកោននៅឯប្រទេសថៃ។ បើតាមអាជ្ញាធររបស់ថៃ មនុស្សប្រហែល ៣,៤០០នាក់ បានរត់ទៅជ្រកកោននៅទីនោះ កំលុងមួយរយៈចុងក្រោយនេះ ខណៈនៅរាប់ពាន់នាក់ទៀត កំពុងជាប់នៅខាងព្រំប្រទល់មីយ៉ាន់ម៉ា ដើម្បីរង់ចាំឆ្លងទៅដូចគ្នា។

ក្នុងសប្តាហ៍នេះ ក្រុម KNU បានព្រមានពីលទ្ធភាពខ្ពស់នៃ ការវាយប្រហារតាមផ្លូវអាកាសពីសំណាក់យោធាមីយ៉ាន់ម៉ា ទៅលើជនស៉ីវិលស្លូតត្រង់។ លោក សរ តរ នី (Saw Taw Nee) ប្រធានការិយាល័យកិច្ចការបរទេសរបស់ក្រុម KNU បាននិយាយដូច្នេះថា «ការវាយប្រហារតាមផ្លូវអាកាសរបស់យោធា នឹងមិនដាក់គោលដៅលើមូលដ្ឋានរបស់ក្រុមប្រដាប់អាវុធទេ ប៉ុន្តែទៅលើមូលដ្ឋានស៉ីវិល ដូចជាសាលារៀន មន្ទីរពេទ្យ លំនៅឋាន និងភូមិឋានជាដើម»។ ក្រុម KNU បានអំពាវនាវឲ្យ សហគមន៍អន្តរជាតិជួយបង្កើត តំបន់គ្មានការហោះហើរមួយ តាមរយៈការកោះប្រជុំបន្ទាន់ នៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីការពារជីវិតជនស៉ីវិល។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកាកន្លងទៅ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក្នុងសេចក្តីថ្លែងការណ៍កម្រមួយ ដែលមានការឯកភាពពីសមាជិកទាំង ១៥ បានត្រឹមសម្តែងក្តីបារម្ភអំពីអំពើហិង្សា ដែលផ្ទុះឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងស្នើឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ធ្វើសកម្មភាពដោយការអត់ធ្មត់ជាទីបំផុត៕