(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer សម្រាប់អ្នកជំងឺដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ដែលប្រឈមមុខនឹងហានិភ័យខ្ពស់ ដោយធ្វើឱ្យវាក្លាយជាការព្យាបាលតាមរយៈការលេបដំបូងគេបង្អស់ និងអាចយកទៅប្រើប្រាស់នៅតាមផ្ទះបាន ដែលនេះជាការផ្តល់នូវឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron ដែលកំពុងឆ្លងរីករាលដាល យ៉ាងលឿនរហ័សនៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។

បើតាមទិន្នន័យចុងក្រោយពីការធ្វើតេស្ត ថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer គឺមានឈ្មោះសម្គាល់ថា Paxlovid ដែលមានប្រសិទ្ធភាពជិត ៩០ភាគរយ ក្នុងការកាត់បន្ថយហានិភ័យត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬស្លាប់ជាដើម។ មិនតែប៉ុណ្ណោះ ថ្នាំគ្រាប់នេះក៏មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron ផងដែរ។

លោក Amesh Adalja អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅសកលវិទ្យាល័យ Johns Hopkins ផ្នែកសន្តិសុខសុខភាព បាននិយាយថា «ការអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ Paxlovid គឺជាព្រឹត្ដិការណ៍ដ៏សំខាន់មួយដែលកត់សម្គាល់នូវជំហានមួយទៀតឆ្ពោះទៅរកការធ្វើឱ្យ COVID-19 ក្លាយជាការឆ្លងដែលអាចគ្រប់គ្រងបានច្រើនជាងមុន»

លោកបន្ថែមថា «ទោះជាយ៉ាងណា យើងមានបញ្ហាសំខាន់ចំនួនពីរដែលនៅសេសសល់៖ ថ្នាំគ្រាប់នេះនឹងខ្វះខាតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត ហើយការប្រើប្រាស់ដ៏ល្អប្រសើររបស់វាទាមទារឱ្យមានការធ្វើតេស្តរកជំងឺ COVID-19 ភ្លាមៗ ដែលអាចពិបាកជាមួយនឹងបញ្ហានៃការធ្វើតេស្តដែលបន្តញាំញីយើង»

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ក្នុងការអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នូវថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 បានកើតឡើង នៅពេលដែលអាមេរិក កំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Omicron ដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសអំពីផែនការបើកកន្លែងចាក់វ៉ាក់សាំង និងធ្វើតេស្តសហព័ន្ធបន្ថែមទៀត៕