(ម៉ូស្គូ)៖ អតីតមេដឹកនាំសហភាពសូវៀត លោក Mikhail Gorbachev បាននិយាយថាសហរដ្ឋអាមេរិកកាន់តែមានចរិតក្រអឺតក្រទម និងមានទំនុកចិត្តលើខ្លួនឯង បន្ទាប់ពី ការដួលរលំសហភាពសូវៀត ដែលនេះជាហេតុផលមួយនៃការពង្រីកឥទ្ធិពលរបស់បក្សសម្ពន្ធយោធា NATO។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។

លោក Mikhail Gorbachev ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti នៅថ្ងៃសុក្រសប្ដាហ៍នេះ ពោលគឺមុនមួយថ្ងៃនៃខួបលាលែងចេញពីតំណែងជាប្រធានាធិបតីនៃសហភាពសូវៀតរបស់លោក។ ថ្លែងនាឱកាសនោះ អតីតប្រធានាធិបតីវ័យ ៩០ឆ្នាំរូបនេះ បានបញ្ជាក់ដូច្នេះថា «តើ គេអាចមានទំនាក់ទំនងដោយស្មើភាពជាមួយសហរដ្ឋមេរិក និងលោកខាងលិចបានយ៉ាងដូចម្ដេចទៅ....បន្ទាប់ពីពួកគេកាន់តែមានចរិតក្រអឺតក្រទម និងមានទំនុកទុកចិត្ត លើខ្លួនឯង។ ពួកគេបានប្រកាសពីជ័យជម្នះនៅក្នុងសង្រ្គាមត្រជាក់»

គួរបញ្ជាក់ថា លោក Mikhail Gorbachev បានលាលែងចេញពីតំណែងជាប្រធានាធិបតីអតីតសហភាពសូវៀត នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១ ប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ក្រោយ មេដឹកនាំនៃប្រទេសបេឡារុស, រុស្ស៊ី និងអ៊ុយក្រែន ប្រកាសថាសហភាពសូវៀតលែងមាននៅលើលោកនេះទៀតហើយ៕