(តេហេរ៉ង់)៖ ប្រមុខអង្គការថាមពលអាតូមិកអ៉ីរ៉ង់ (AEOI) លោក មហាំម៉ាត់ អេស្លាមី (Mohammad Eslami) បាននិយាយថាប្រទេសរបស់លោកមិនមានបំណង ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើស៦០ភាគរយនោះទេ បើទោះជាកិច្ចចរចាក្នុងទីក្រុងវីយ្យែន ទទួលបរាជ័យ ឬក៏សហរដ្ឋអាមេរិកមិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃសុក្រកាលពីសប្ដាហ៍នេះ លោក Mohammad Eslami ក៏បានបញ្ជាក់ដែរថាកម្មវិធីនុយក្លេអ៊ែរបស់អ៉ីរ៉ង់ មានគោលដៅគាំទ្រដល់ឧស្សាហកម្មស៊ីវិលសំខាន់ៗនៅក្នុងប្រទេស និងអនុលោមតាមកិច្ចព្រមព្រៀង, លក្ខខន្តិកៈ និងច្បាប់ទាំងឡាយរបស់ទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិ (IAEA)។

គួរបញ្ជាក់ថា កិច្ចប្រជុំនុយក្លេអ៊ែរ ក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស ដើម្បីស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ នឹងត្រូវចាប់ផ្ដើមឡើងជាថ្មី នៅថ្ងៃទី២៧ ខែធ្នូខាងមុខនេះ៕