(អាតែន)៖ ឆ្មាំសមុទ្រនៃប្រទេសក្រិក នៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១នេះបានឱ្យដឹងថាជនអន្តោប្រវេសន៍យ៉ាងហោច ៣០នាក់ បានស្លាប់នៅក្នុងករណីលិចទូក នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅឯសមុទ្រ Aegean។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃសុក្រសប្ដាហ៍នេះ គឺជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនជាងគេ ដោយឆ្មាំសមុទ្រក្រិកបានរកឃើញសាកសពជនអន្តោប្រវេសន៍ ១៦នាក់ ក្នុងនោះមានស្ត្រី៣នាក់ និងទារកម្នាក់ ហើយបានជួយសង្រ្គោះមនុស្ស ៦៣នាក់ នៅលើទូកមួយគ្រឿងដែលបានលិចនៅក្បែរកោះ Paros។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR, មនុស្សច្រើនជាង ២,៥០០នាក់បានស្លាប់ ឬបានបាត់ខ្លួននៅឯ សមុទ្រ អំឡុងពួកគេព្យាយាមធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបចាប់តាំងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ មួយវិញទៀត ជនអន្តោប្រវេសន៍ជិត ១លាននាក់ ក្នុងនោះ ភាគច្រើនមកពីប្រទេសស៊ីរី បានធ្វើដំណើរដោយជោគជ័យទៅដល់បណ្ដាប្រទេសជាសមាជិកសភាពអឺរ៉ុបកាលពីឆ្នាំ២០១៥៕