(ភ្នំពេញ)៖ ពិភពលោកនាសព្វថ្ងៃនេះគឺពោរពេញទៅដោយភាពមិនប្រាកដប្រជា តែមនុស្សជាតិចង់បានអនាគតដ៏ត្រចះត្រចង់មួយ។ មនុស្សជាតិក៏កំពុងស្ថិតនៅក្នុងសម័យកាល ដែលពោរពេញទៅដោយបញ្ហាប្រឈម និងការកើនឡើងនូវហានិភ័យជាច្រើន។ កំណើនសេដ្ឋកិច្ចជាសកលមានភាពយឺតយ៉ាវ ផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុនៅតែបន្តកើតមាន ហើយគម្លាតនៃការអភិវឌ្ឍក៏កាន់តែរីកធំឡើង។ ជម្លោះប្រដាប់អាវុធកើតឡើងជារឿយៗ។ ផ្នត់គំនិតរបស់សង្គ្រាមត្រជាក់ និងនយោបាយឯកតោភាគីរបស់មហាអំណាចនៅតែមាន។ ការគម្រាមកំហែងដល់សន្តិសុខពិភពលោក អំពើភេរវនិយម វិបត្តិជនភៀសខ្លួន ជំងឺឆ្លងជាសកលCovid-19 និងបញ្ហានៃការប្រែប្រួលអាកាសធាតុ ដែលជាពិសេសចំណុចសំខាន់បំផុតនោះគឺ ភាពក្រីក្ររបស់ប្រជាជន ដែលកំពុងជាបញ្ហាដ៏រសើបសម្រាប់មនុស្សជាតិ សម្រាប់ពិភពលោក សម្រាប់សហគមន៍រួមរបស់មនុស្សជាតិ។ តើពិភពលោកនឹងកំពុងប្រឈមមុខនឹង បញ្ហាចម្បងអាទិភាពណាមួយ? តើមនុស្សជាតិគួរឆ្លើយតបយ៉ាងដូចម្តេច ចំពោះស្ថានការណ៍ដែលខ្លួនកំពុងរស់នៅ? មនុស្សជាតិនាពេលសព្វថ្ងៃនេះកំពុងតែឈ្វេងយល់ និងកំពុងព្យាយាមឆ្លើយទៅនឹងសំណួរទាំងនេះ។ ខាងក្រោមនេះ ខ្ញុំនឹងលើកយកនូវចំណុចជាអាទិភាពខ្ពស់បំផុត ដែលជាតម្រូវការជាក់ស្តែងរបស់មនុស្សជាតិ។

១៖ បញ្ហាអាទិភាពរបស់មនុស្សជាតិ

បញ្ហាដ៏ធំចម្បងនិងអាទិភាពបំផុតដែលមនុស្សជាតិ នៅក្នុងពិភពលោកកំពុងប្រឈមមុខនោះគឺភាពក្រីក្រ ហើយការប្រកបរបរចិញ្ចឹមជីវិត និងស្ថានភាពប្រសើរឡើងនៃជីវិតរបស់មនុស្ស កំពុងស្ថិតនៅក្នុងភាពប្រឈម ក្នុងពេលដែលជំងឺ Covid-19 កំពុងអត្ថិភាព។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០២០ ទូទាំងពិភពលោកមានបរិមាណថ្មី នៃចំនួនប្រជាជនប្រមាណ ១៣២លាននាក់បន្ថែមទៀតរស់នៅក្នុងភាពក្រីក្រ ដែលនាំឱ្យចំនួនអ្នកក្រីក្រសរុបកើនឡើងដល់ ៨០០លាននាក់។ បើគិតជាមធ្យម ក្នុងចំណោមមនុស្ស ១០ មាន ១នាក់កំពុងស្ថិតនៅក្នុងភាពស្រេកឃ្លាន ឬទុរភិក្ស។ អ្វីដែលកាន់តែព្រួយបារម្ភនោះ គឺថាការរីករាលដាលនៃជំងឺ Covid-19 កាន់តែបន្តរយៈពេលរបស់វា ហើយថ្មីៗនេះមេរោគបម្លែងខ្លួនថ្មី ដែលត្រូវបានប្រសិទ្ធនាមថា Omicron កំពុងតែបន្ថែមបន្ទុកដល់វិបត្តិនៃភាពក្រីក្ររបស់មនុស្សជាតិ ហើយវាក៏បានចូលរួមចំណែកដល់បន្ទុក នៃរាល់បញ្ហានានារបស់សង្គម រួមមានវិស័យអប់រំ វិស័យសុខាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

២៖ គំរូល្អរបស់ចិនក្នុងការលុបបំបាត់ភាពក្រីក្រ

បទពិសោធន៍កាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយបានដោះស្រាយទាំងស្រុងនូវភាពក្រីក្រ ដោយបានរំដោះប្រជាជនចិនទាំងអស់ ចាកចេញផុតទាំងស្រុងពីភាពក្រីក្រ បើទោះបីជាប្រទេសចិន ឬពិភពលោកកំពុងទទួលរងនូវឥទ្ធិពល នៃការរាតត្បាតជាសកលនៃជំងឺ Covid-19។ ចម្លើយនេះនឹងត្រូវបកស្រាយលម្អិត នៅក្នុងចំណុចខាងក្រោមនេះ៖

* ២.១៖ ត្រីវិស័យប្រកបដោយគរុសភា

រដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការកសាងផែនការយុទ្ធសាស្ត្រ ដោយបង្កើតឡើងនូវត្រីវិស័យចង្អុលមាគ៌ា ប្រកបដោយលក្ខណៈគរុសភា តាមរយៈទិន្នន័យពីក្រុមបញ្ញាញាណជាតិ។ នេះជាវេទិកាដ៏សំខាន់នៃការគាំទ្ររបស់រដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវត្រីវិស័យសម្រាប់ការងារកាត់បន្ថយភាពក្រីក្រ។ តាំងពីពេលប្រកាសជាផ្លូវការនាថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនតែងបានចាត់ទុកថាការកាត់បន្ថយភាពក្រីក្រថាជា «សត្រូវ» ហើយជាពិសេសនៅក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានប្រកាស «សង្គ្រាម» ប្រឆាំងនឹងភាពក្រីក្រ ដែលនេះជាយុទ្ធសាស្រ្តជាតិ ដែលត្រូវបានអនុវត្តនៅក្នុងក្របខ័ណ្ឌប្រទេសទាំងមូល។ ការិយាល័យកាត់បន្ថយភាពក្រីក្រ និងស្ថាប័នផ្សេងៗត្រូវបានបង្កើតឡើងចាប់ពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន។ តាមមធ្យោបាយនេះ បញ្ហា ឬឫសគល់ទាំងអស់ដែលនាំឱ្យមានភាពក្រីក្រ ត្រូវបានដោះស្រាយជាប្រព័ន្ធទាំងមូលរបស់ជាតិ។ បើតាមការយល់ដឹងផ្ទាល់ខ្លួន ទី១៖ «ការិយាល័យកាត់បន្ថយភាពក្រីក្រ» គឺជាអង្គការពិសេសមួយសម្រាប់អនុវត្តគម្រោងដ៏មហិមារបស់ជាតិ។ ទី២៖ លើកកម្ពស់ការកាត់បន្ថយភាពក្រីក្រដល់កម្ពស់បុព្វហេតុមនុស្ស និងចាត់ទុកការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសចិនជាផ្នែកមួយនៃការលើកកម្ពស់ការអភិវឌ្ឍរបស់សង្គមជាតិ។ ក្នុងពេលដែលបកប្រែជាខេមរភាសាសៀវភៅ ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន ភាគទី៣ ខ្ញុំបានកត់សម្គាល់លើជំពូកស្តីពី កាត់បន្ថយភាពក្រីក្រ ដែលបានសរសេរសំដៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ដែលជាការប្រឆាំងនឹងភាពក្រីក្ររបស់មនុស្សរបស់មនុស្សជាតិប្រចាំសតវត្សរ៍ទី២១នេះ ដែលនេះជាទស្សនវិជ្ជាដ៏អស្ចារ្យមួយរបស់មនុស្សជាតិ។ ក្រោមទស្សនវិជ្ជាដ៏មហិមានេះ ប្រទេសចិនបានសម្រេច លទ្ធផលដ៏អស្ចារ្យ ដោយចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ចំនួនប្រជាជនក្រីក្ររបស់ប្រទេសចិនបានថយចុះពី ៩៨.៩៩លាននាក់មក ៣០.៣៦លាននាក់។ ក្នុងរយៈពេលប្រាំឆ្នាំ ប្រជាជនចំនួន ៦៨.៥៣លាននាក់ត្រូវបានកាត់បន្ថយភាពក្រីក្រ ហើយអត្រានៃការកាត់បន្ថយភាពក្រីក្រ មានកម្រិតខ្ពស់រហូតដល់ ៧០%។ នេះជាវណ្ណកម្មសមិទ្ធផលមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ លើការលុបបំបាត់ភាពក្រីក្រ ហើយខ្ញុំជឿជាក់ថាគ្មានប្រទេសណាអាចធ្វើបាន ដូចប្រទេសចិនឡើយ។ ការលើកឡើងនេះជាការបញ្ជាក់ថា ចំណុចប្រទាក់ក្រឡាទាំងពីរខាងលើ បានជំរុញឱ្យគម្រោងយក្ស នៃការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនមានតម្លៃ និងជាគំរូសម្រាប់ការអនុវត្ត ហើយត្រូវក្លាយជាយន្តការវិទ្យាសាស្រ្តសម្រាប់ពិភពលោក ឬមនុស្សជាតិយកទៅសិក្សានិងចែករំលែក។

* ២.២៖ ប្រជាជនជាអាទិភាពខ្ពស់បំផុត

ការណ៍ដែលរដ្ឋាភិបាលចិនបានតម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាពខ្ពស់បំផុត គឺជាសក្ខីភាពយ៉ាងជាក់ស្តែងនិងប្រត្យក្សថា ប្រទេសចិនគឺជាប្រទេសដែលគោរពយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវគោលការណ៍សិទ្ធិមនុស្សបានល្អបំផុត។ គោលនយោបាយរបស់ប្រទេសចិនត្រូវបានបង្កើតឡើងដោយផ្តោតយកសិទ្ធមនុស្សជាមូលដ្ឋាន ជាស្នូល ដើម្បីផ្តល់សិទ្ធិ និងផលប្រយោជន៍ទាំងស្រុងជូនដល់ប្រជាជន ក្នុងនាមជាម្ចាស់ប្រទេស ជាម្ចាស់អំណាច។ ដោយឡែក ក្នុងនាមជាបក្សកាន់អំណាច បក្សកុម្មុយនិស្តចិនខ្លួនឯងពិតជាតំណាងយ៉ាងច្បាស់លាស់ និងត្រឹមត្រូវឱ្យផលប្រយោជន៍ប្រជាជន។ គោលនយោបាយទាំងអស់ គឺផ្អែកលើផលប្រយោជន៍របស់ប្រជាជនចិន។ អ្វីដែលចិន អនុវត្តគឺជាគោលនយោបាយប្រជាធិបតេយ្យយ៉ាងពិតប្រាក ដ១០០%។ នយោបាយប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ប្រទេសចិន មិនមែនគ្រាន់តែជាការលើកបដា ឬសរសេរ ឬនិយាយទេ តែវាជាការអនុវត្ត និងកំពុងផ្តល់ផល ដែលមនុស្សជាតិ ជាពិសេសអង្គការសហប្រជាជាតិត្រូវផ្តល់រង្វាន់ និងផ្តល់មេដាយក្នុងនាមជាអ្នកឆ្នើម ក្នុងការកាត់បន្ថយភាពក្រីក្រ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន ស្របតាមគោលការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

ជារួម ប្រទេសចិនបានតម្កល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជនជាអាទិភាពខ្ពស់បំផុត ដែលនេះជាមូលដ្ឋានសម្រាប់កសាង សហគមន៍ជោគវាសនារួមមនុស្សជាតិ រួមគ្នាដោះស្រាយបញ្ហានៃភាពក្រីក្រ ហើយវាក៏ជាការធានាជាមូលដ្ឋានសម្រាប់ធានាដល់ចីរភាព នៃការអភិវឌ្ឍសង្គមជាតិរបស់មនុស្សជាតិផងដែរ។

* ២.៣៖ ប្រសិទ្ធផលនៃការសម្រេចគោលដៅ

អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុត អំពីការសម្រេចបាននូវគោលដៅទី១នៃ «គោលដៅពីរប្រចាំសតវត្សរ៍» ប្រទេសចិនមានមោទកភាពក្នុងចំណោមបណ្តាប្រជាជាតិនានាក្នុងពិភពលោក។ ការសម្រេចបាននូវការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន មិនអាចឃ្លាតឆ្ងាយពីកម្មាភិបាលជួរមុខ ដែលបានចូលរួមនៅក្នុងការសម្រេចគោលដៅនេះ។ កម្មាភិបាលជួរមុខប្រកបដោយឋាមភាពពុទ្ធិនិងបទពិសោធន៍ ព្រមទាំងប្រកបដោយភាពអំណត់ អត់ធ្មត់ និង ពោរពេញដោយឆន្ទៈដើម្បីដណ្តើមមកវិញ នូវឧត្តមភាពនៃជីវភាពរស់នៅរបស់ប្រជាជនចិន។ កម្មាភិបាលជួរមុខទាំងនេះ បានចាត់តាំងឱ្យទៅបំពេញភារកិច្ចនៅតាមភូមិ ហើយកម្មាភិបាលទាំងនោះបានបង្កើតនូវវិធីជាប្រព័ន្ធ តាមត្រីវិស័យដែលបានដាក់ចេញដោយរដ្ឋាភិបាល។

* ២.៤៖ យន្តការត្រួតពិនិត្យ

ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ យន្តការត្រួតពិនិត្យគឺជាសវនកម្ម និងជាការផ្ទៀងផ្ទាត់ដ៏ចាំបាច់ដែលត្រូវបានដាក់ចេញ និងផ្តល់នូវរបាយការណ៍សន្និដ្ឋាន ឬបូកសរុបដល់ថ្នាក់ដឹកនាំ ឬជារបាយការណ៍សាធារណៈដើម្បីបញ្ជាក់ថា ប្រជាជនចិនពិតជាបានចាកផុតពីភាពក្រីក្រ។ យន្តការនេះក៏ចូលរួមដណ្តើមមកវិញនូវពេលវេលាសមស្រប និងជាក់ស្តែងលើការអនុវត្តគម្រោង ហើយជាការប្រកាសលើកទឹកចិត្តបន្ថែមដល់កម្មាភិបាលជួរមុខដើម្បីបង្កើនល្បឿនក្នុងការកាត់បន្ថយភាពក្រីក្រ។

៣៖ ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ

ចាប់តាំងពីឆ្នាំ២០១៧មក ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើមស្តីពី សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ បានបង្កប់ខ្លឹមសារសំខាន់ពីការកសាងអនាគត និងជោគវាសនារួមគ្នានៃ ប្រទេសនីមួយៗ ហើយជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក។ ក្នុងពេលដែលបកប្រែជាខេមរភាសាសៀវភៅ ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន ភាគទី២ ខ្ញុំចាំបានថា ឯកឧត្តមស៊ី ជីនភីង សង្កត់ធ្ងន់ថា ផែនដីរបស់យើងគឺមានតែមួយគត់ ហើយមនុស្សជាតិរបស់យើងមានផ្ទះតែមួយគត់ផងដែរ។ ក្នុងន័យនេះ សហគមន៍ជោគវាសនារួមនៃមនុស្សជាតិជាតម្រូវការអាទិភាពសម្រាប់ពិភពលោក ដោយពិភពលោកត្រូវខិតខំ ១-លើកតម្កើងគោលការណ៍ពហុភាគី និងប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីដើម្បីបង្កើតបាននូវយន្តការរួមក្នុងការតម្កល់ផលប្រយោជន៍មនុស្សជាតិជាអាទិភាពខ្ពស់បំផុតដូចទៅនឹងអ្វីដែលចិនបាននិងកំពុងបន្តលើកតម្កើង។ ២-ធ្វើការផ្សព្វផ្សាយជាវិជ្ជមាននិងជាសាធារណៈបន្ថែមទៀតអំពីគំនិតអភិវឌ្ឍរបស់ប្រទេសចិន ដើម្បីឱ្យប្រទេសនានាជុំវិញពិភពលោកបានយល់កាន់តែស៊ីជម្រៅអំពីកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន និងសមិទ្ធផលនៃការអភិវឌ្ឍជាតិ ដែលជាពិសេសគឺការកាត់បន្ថយភាពក្រីក្រ សំដៅធ្វើឱ្យប្រសើរឡើងនូវពិភពលោកនាពេលអនាគតសម្រាប់ទាំងអស់គ្នា ហើយសង្គមទាំងមូលរបស់ពិភពលោកគឺជាអនាគតរួមសម្រាប់មនុស្សជាតិ។ ជាមួយគ្នាផងដែរ ប្រជាជនទាំងអស់នៅលើពិភពលោកត្រូវបន្តលើកទឹកចិត្តដល់ប្រទេសចិន ហើយលើកទឹកចិត្តដល់រដ្ឋាភិបាលរបស់បណ្តាប្រទេសទាំងអស់ក្នុងការចូលរួមលើកតម្កើងទស្សនវិជ្ជាចិនសម្រាប់សតវត្សរ៍ទី២១ដែលទទួលបានផ្លែផ្កាយ៉ាងជាក់ច្បាស់លើការកាត់បន្ថយភាពក្រីក្រ។ ៣-ចូលរួមផ្សព្វផ្សាយជាសកលនូវបទពិសោធន៍កាត់បន្ថយភាពក្រីក្រតាមបែបចិន ដោយបំប្លែងពីការនិយាយ ឬការសរសេរនៅលើក្រដាស ទៅជាការប្រយុទ្ធជាក់ស្តែងលើសមរភូមិនៃភាពក្រីក្រ ដូចទៅនឹងអ្វីដែលប្រទេសចិនបានឈ្នះលើសង្គ្រាមនៃភាពក្រីក្រនេះ។សម្រាប់ភាពជោគជ័យដ៏អស្ចារ្យនៃការកាត់បន្ថយភាពក្រីក្រតាមបែបចិន យើងមិនត្រឹមមានការភ្ញាក់ផ្អើល និងការកោតសរសើរប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវការការស្រាវជ្រាវ និងការផ្សព្វផ្សាយបន្ថែមទៀតដល់មនុស្សជាតិនៅលើពិភពលោក។ ប្រសិនបើបទពិសោធន៍របស់ប្រទេសចិនត្រូវបានដាក់ឱ្យអនុវត្តនៅក្នុងផ្នែកខ្លះនៃពិភពលោក វាគឺជាភាពជោគជ័យ និងជាការជ្រើសរើសផ្លូវវាងប្រកបដោយឋាមភាព ឥស្សរភាព និងប្រសិទ្ធភាពខ្ពស់ដែលមានប្រយោជន៍ខ្លាំងណាស់ដល់ការលុបបំបាត់ភាពក្រីក្រ។ ប្រទេសនីមួយៗអាចអញ្ជើញ ឬពិភាក្សាលម្អិតជាមួយអ្នកជំនាញរបស់ចិន ដើម្បីផ្តល់នូវបទពិសោធន៍នៃកាត់បន្ថយភាពក្រីក្រ ដើម្បីយកទៅរួមបញ្ចូលគ្នាជាមួយគោលនយោបាយជាតិ រៀងៗខ្លួន ឱ្យសមស្របទៅនឹងស្ថានការណ៍ ស្ថានភាព ទីតាំង និងពេលវេលាជាក់ស្តែង។

ជារួម សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ពិតជាតម្រូវការអាទិភាពសម្រាប់ពិភពលោក ដែលជាគំនិតដ៏សំខាន់មួយដែលត្រូវបានផ្តួចផ្តើមឡើងដោយ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន ដើម្បីសម្រេចបាននូវ ឧត្តមគតិ ទស្សនវិស័យ និងចក្ខុវិស័យរួមរបស់មនុស្សជាតិ និងសម្រេចបាននូវសុខដុមរម្យនា និងសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពជូនដល់ពិភពលោក។ ខ្ញុំគិតថាគំនិតដ៏ឈ្លាសវៃនេះមិនត្រឹមតែជាការសង្ខេបដ៏សំខាន់នៃបទពិសោធន៍១០០ឆ្នាំរបស់បក្សកុម្មុយនិស្តចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំនិតផ្តួចផ្តើមដែលមិនគិតតែពីផលប្រយោជន៍ជនជាតិចិន ឬប្រទេសចិនតែឯកឯងនោះទេ ពោលគឺសម្រាប់ការអភិវឌ្ឍរួមគ្នាប្រកបដោយ សុខដុមនីយកម្មនិងផលប្រយោជន៍រួមគ្នារបស់មនុស្សជាតិទូទៅ។ ខុងជឺធ្លាប់បានទូន្មានថា «ទង្វើ ឬការអនុវត្តឱ្យបានច្រើនជាង ឬមុនការនិយាយ» ដែលនេះកំពុងឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ចិនជាប្រទេសដែលគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ហើយបាននិងកំពុងចាក់ឬសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ប្រជាជន តាមរយៈការលុបបំបាត់ភាពក្រីក្រ ការផ្តល់ផលប្រយោជន៍ជាអាទិភាពដល់ប្រជាជន ជាប្រទេសដែលពោរពេញដោយសន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងពោរពេញដោយទស្សនៈសន្តិភាពនិយមសម្រាប់ពិភពលោក។ យើងពិតជាមិនមានអ្វីដែលងឿងឆ្ងល់ចំពោះការគាំទ្រទាំងស្រុងរបស់ប្រជាជនចិនទាំងអស់ចំពោះរដ្ឋាភិបាលចិន និងការលើកទឹកចិត្តនិងចូលរួមរបស់ប្រជាជនទាំងអស់នៅលើពិភពលោកក្នុងការជ្រើសរើសឈរជាមួយប្រទេសចិន ដើម្បីកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងរួមគ្នាពណ៌នាអំពីអនាគតរបស់មនុស្សជាតិ៕

ដោយ៖ បណ្ឌិត ជា មុនីឫទ្ធិ (ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន)