(ម៉ូស្គូ)៖ សារព័ត៌មាន អ៊ីនធើហ្វាកស៍ (Interfax) បានចេញផ្សាយនៅថ្ងៃចន្ទនេះថា កងកម្លាំងយោធានៃប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធមួយ ដើម្បីត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំ ពីសំណាក់សត្រូវតាមដែនអាកាស។ នេះបើតាមការដកស្រង់ព័ត៌មានរបស់ Interfax ដោយទទួលបានប្រភពពី មូលដ្ឋានយោធាភាគខាងលិច ប្រទេសរុស្ស៊ី នាថ្ងៃរសៀលថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។

ប្រភពដដែលបានបន្តទៀតថា កងទ័ពរុស្ស៊ីប្រមាណ ១,០០០នាក់ បានចូលរួមក្នុងសមយុទ្ធខាងលើនេះ ហើយកងទ័ពមួយចំនួន ក៏បានត្រឡប់ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញ ក្រោយពីបានបិទបញ្ចប់សមយុទ្ធ នៅក្បែរប្រទេសអ៊ុយក្រែននោះផងដែរ។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាថ្មីចុងក្រោយខាងលើនេះ បានកើតមានឡើង ខណៈដែលក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា ខ្លួនបានទទួលពាក្យស្នើសុំពីសំណាក់អង្គការ NATO ដើម្បីបើកកិច្ចប្រជុំពាក់ព័ន្ធក្តីកង្វល់ផ្នែកសន្តិសុខ ពីសំណាក់ទីក្រុងម៉ូស្គូនោះហើយ ដែលវាអាចនឹងកើតឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ហើយរុស្ស៉ីកំពុងពិចារណាអំពីការចូលរួម។

ប្រទេសរុស្ស៊ីដែលកន្លងមកនេះ ត្រូវបានបណ្តាប្រទេសលោកខាងលិចចោទប្រកាន់ថា បានបង្កើនវត្តមានយោធាទ្រង់ទ្រាយធំ នៅលើទឹកដីក្បែរព្រំដែនអ៊ុយក្រែននោះ កាលពីសប្តាហ៍មុននេះបានបញ្ចេញនូវ សេចក្តីព្រាងចរចាផ្នែកសន្តិសុខ រៀបរាប់អំពីចំណុចសំខាន់ៗ ដែលខ្លួនចង់លើកទៅពិភាក្សាជាមួយនឹង NATO ហើយអ្វីដែលសំខាន់បំផុតនៅក្នុងនោះ គឺទីក្រុងម៉ូស្គូចង់ឲ្យ NATO បោះបង់ចោលសកម្មភាពយោធា នៅតំបន់ភាគខាងកើតអឺរ៉ុប និងប្រទេសអ៊ុយក្រែន៕