(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យកូរ៉េខាងជើងចាប់ផ្តើមឆ្នាំថ្មី ដោយបើកទ្វារទទួលយក កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ស្របពេលដែលទីក្រុងព្យុងយ៉ាង នឹងត្រូវកោះប្រជុំសំខាន់មួយក្នុងគណបក្ស នាសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាគោលនយោបាយក្នុងស្រុក និងគោលនយោបាយការបរទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Yonhap នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោកស្រី Lee Jong-joo បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការមជ្ឈិម នៃបក្សកាន់អំណាចកូរ៉េខាងជើង ដែលត្រូវគេរំពឹងថានឹងធ្វើឡើងក្នុងសប្តាហ៍នេះ ជាធម្មតានឹងប្រព្រឹត្តទៅសម្រាប់រយៈពេលចន្លោះ១-៤ថ្ងៃ ជាមួយវត្តមានរបស់ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

បើតាមលោកស្រី Lee កូរ៉េខាងត្បូងកំពុងរង់ចាំមើលព្រឹត្តិការណ៍នោះ ដែលអាចនឹងមានសារស្តីពីទំនាក់ទំនងអន្តរកូរ៉េ ឬមួយក៏អំពីកិច្ចចរចានុយក្លេអ៊ែរ ហើយកូរ៉េខាងត្បូងសង្ឃឹមថា កូរ៉េខាងជើងនឹងចាប់ផ្តើមឈានជើងចូលឆ្នាំថ្មី តាមរយៈការបើកទ្វារស្វាគមន៍កិច្ចសន្ទនា ក៏ដូចជា កិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។

គួរបញ្ជាក់ថា ដំណើរការនៃកិច្ចចរចានុយក្លេអ៊ែររវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានបន្តជាប់គាំងរហូតមកចាប់តាំងពី កិច្ចប្រជុំគ្មានលទ្ធផលរវាងមេដឹកនាំប្រទេសទាំងពីរ នៅទីក្រុងហាណូយ កាលពីឆ្នាំ២០១៩។ មកទល់នឹងពេលនេះ ទីក្រុងព្យុងយ៉ាងមិនបានឆ្លើយតប ចំពោះសំណើឱ្យមានកិច្ចសន្ទនាឡើងវិញនោះឡើយ ដោយបានទាមទារឱ្យទីក្រុងវ៉ាស៉ីនតោនបញ្ឈប់ជាមុននូវ អ្វីដែលខ្លួនចាត់ទុកថាជា ស្តង់ដារពីរ និងនយោបាយអរិភាពប្រឆាំងទៅលើប្រទេសរបស់ខ្លួន៕