(ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលីបានលើកឡើងថា ផលប៉ះពាល់ស្រាលបង្កឡើងដោយ វីរុស COVID-19 បំប្លែងថ្មី Omicron នោះមានន័យថា ប្រទេសនេះនៅតែអាចជំរុញទៅមុខ នូវដំណើរការបើកសេដ្ឋកិច្ច បើទោះបីជាចំនួនករណីឆ្លងប្រចាំថ្ងៃ កើនឡើងខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ជាង ៣៧,០០០ករណី និងចំនួនអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ បាននិងកំពុងកើនឡើងក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២។

ចំនួនករណីឆ្លង COVID-19 ខ្ពស់់បំផុតប្រចាំថ្ងៃ ដែលត្រូវបានប្រកាសចេញនៅថ្ងៃចន្ទនេះ គឺក្រោយពីទទួលបានតួលេខអ្នកឆ្លង ច្រើនបំផុតពីបណ្តារដ្ឋធំៗរបស់អូស្ត្រាលីដូចជា វិចតូរៀ (Victoria), ឃ្វីនស៍លែន (Queensland), ដែនដីអូស្ត្រាលីខាងត្បូង (South Australia) និងដែនកោះ តាស្មានៀ (Tasmania) ក៏ដូចជា ដែនដីរដ្ឋធានីរបស់អូស្ត្រាលី (កង់បេរ៉ា) ផងដែរ។ ដោយឡែករដ្ឋ ញូសោតវែលស៍ (New South Wales) តែឯងវិញ បានរាប់រងរហូតដល់ទៅជាង ២០,០០០ករណីឯណោះ ក្នុងចំណោមករណីឆ្លងសរុប ដែលត្រូវបានប្រកាសចេញនៅថ្ងៃចន្ទនេះ។

ជុំវិញបញ្ហាខាងលើនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កត់ ម៉ូរីសុន (Scott Morrison) បានប្រាប់សារព័ត៌មានក្នុងស្រុកអូស្ត្រាលីថា «យើងត្រូវតែឈប់សម្លឹងមើលទៅលើ តួលេខនៃករណីឆ្លងទាំងនោះ ហើយងាកមកគិតគូរអំពី អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ, ការរៀនរស់ជាមួយវីរុស, ការថែទាំងសុខភាព និងការធានាថា យើងកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ហើយរក្សាសេដ្ឋកិច្ចរបស់យើង ឲ្យនៅបន្តដំណើរទៅមុខទៀត»។

គួរបញ្ជាក់ថា អត្រាចូលសម្រាកមន្ទីរ គិតតែនៅក្នុងរដ្ឋ New South Wales ប៉ុណ្ណោះ បានកើនឡើងជាង ១០% បន្ថែមទៀត (១,២០៤នាក់) នៅថ្ងៃចន្ទនេះ បើធៀបនឹងអត្រា កាលពីថ្ងៃអាទិត្យម្សិលមិញ ហើយបើធៀបនឹងថ្ងៃបុណ្យណូអែល (ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១) វាបានកើនឡើងរហូតដល់ទៅ ៣ដងឯណោះ។ ក្រសួងសុខាភិបាលអូស្ត្រាលីបានប្រកាសថា វីរុសបំប្លែងថ្មី Omicron ពិតជាមានសមត្ថភាពចម្លងយ៉ាងលឿនរហ័ស ប៉ុន្តែអត្រាធ្លាក់ខ្លួនឈឺធ្ងន់ដែលបង្កឡើងដោយវា គឺស្ថិតនៅទាបជាង Delta៕